ញូវដេលី៖ មន្ត្រីកងទ័ពអាកាសឥណ្ឌាចំនួន ៥ នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿង បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន នៅរដ្ឋអាសាម (Assam) ភាគខាងកើតនៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា បង្ហោះលើបណ្តាញសង្គម X បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនធុន AN-32 នោះ បានធ្លាក់នៅជិតតំបន់ចូហាត (Jorhat) ក្នុងរដ្ឋអាសាម។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញពី បំណែកកម្ទេចកម្ទីរបស់យន្តហោះ ខ្ចាត់ខ្ចាយរប៉ាត់រប៉ាយពេញវាលស្រែ។
ក្រោយកើតហេតុ កងទ័ពអាកាសឥណ្ឌាបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃសព ហើយបានបញ្ជាក់ពីការរួមសុខរួមទុក្ខ និងឈរជើងជាមួយពួកគេក្នុងគ្រាដ៏លំបាកនេះ។
គួររំលឹកផងដែរថា កាលពីខែមីនាកន្លងទៅ ករណីធ្លាក់យន្តហោះចម្បាំងប្រភេទ Sukhoi Su-30MKI ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺននៅក្នុងរដ្ឋអាសាមនេះ ក៏បានបណ្តាលឱ្យពីឡុតកងទ័ពអាកាសឥណ្ឌាចំនួន ២ នាក់ បាត់បង់ជីវិតផងដែរ៕