សិង្ហបុរី៖ តុលាការសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា បានសម្រេចផាកពិន័យអ្នកថតរូបឯករាជ្យជនជាតិថៃម្នាក់ ឈ្មោះ Prayut Rittichaipornkul អាយុ ៣២ឆ្នាំ ជាប្រាក់ចំនួន ១៥,០០០ ដុល្លារសិង្ហបុរី (ប្រមាណ ១២,០០០ ដុល្លារអាម៉េរិក) ពីបទបង្ហោះដ្រូនដោយគ្មានលិខិតអនុញ្ញាត និងបានថតជាប់ទិដ្ឋភាពតំបន់យោធាការពាររឹតត្បិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
តាមអង្គហេតុបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ជនជាប់ចោទត្រូវបានបុគ្គលិកក្រុមហ៊ុន «C&R Interiors» អញ្ជើញឱ្យជួយថតរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មនៅការិយាល័យសិង្ហបុរី។ ដោយសារមិនពេញចិត្តនឹងរូបភាពថតពីដី លោក Prayut បានសម្រេចចិត្តបង្ហោះដ្រូនផ្ទាល់ខ្លួន (ម៉ាក DJI Mavic 4 Pro) រយៈពេល ២៦នាទី ក្នុងកម្ពស់រហូតដល់ ៤៥៩ម៉ែត្រ។
ក្នុងអំឡុងពេលហោះហើរនោះ ដ្រូនបានឆ្លងចូលតំបន់ហាមឃាត់ រួមមានបន្ទាយយោធា Pasir Laba Camp និងវិទ្យាស្ថានយោធា SAFTI Military Institute ដោយគ្មានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្ម ឬលិខិតអនុញ្ញាតថតរូបតំបន់ការពារឡើយ។
ភ្លាមៗនោះ កងទ័ពអាកាសសិង្ហបុរីបានរកឃើញវត្តមានដ្រូនខុសច្បាប់នេះ ហើយបានរាយការណ៍ទៅអាជ្ញាធរអាកាសចរណ៍ស៊ីវិល (CAAS) និងកម្លាំងប៉ូលីសឱ្យចុះទៅឃាត់ខ្លួនជនសង្ស័យដល់ទីតាំង រួមទាំងដកហូតឧបករណ៍ដ្រូន ដែលមានផ្ទុកវីដេអូចំនួន ១៨ហ្វាល (ក្នុងនោះមាន ៣វីដេអូ បានថតជាប់តំបន់យោធា)។
គួរបញ្ជាក់ថា ការបង្ហោះដ្រូនដើម្បីអាជីវកម្មដោយគ្មានច្បាប់ ឬការហោះហើរលើតំបន់ការពារសន្តិសុខជាតិ អាចប្រឈមនឹងទោសពិន័យជាប្រាក់រហូតដល់ ៥០,០០០ ដុល្លារសិង្ហបុរី, ជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬត្រូវទទួលទណ្ឌកម្មទាំងពីរតែម្តង៕