ប៉េកាំង៖ ក្រសួងការបរទេសចិន នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ពីការចាប់ខ្លួនពលរដ្ឋអាម៉េរិកម្នាក់ឈ្មោះ មីនហ្ស៊ីន (Min Zin) ដែលជាប្រមុខដឹកនាំវិទ្យាស្ថានស្រាវជ្រាវ (Think-tank) មួយផ្តោតលើកិច្ចការប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងថា បុរសជនជាតិអាម៉េរិករូបនេះ ត្រូវបានសង្ស័យថាបានប្រព្រឹត្តអំពើចារកម្ម និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងថា ភាគីចិនបានជូនដំណឹងអំពីការចាប់ខ្លួននេះ ទៅកាន់ស្ថានកុងស៊ុលទូទៅអាម៉េរិក ប្រចាំទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន រួចរាល់ហើយ។
ការចេញមុខបំភ្លឺនិងបញ្ជាក់ពីសំណាក់ក្រសួងការបរទេសចិននេះ ធ្វើឡើងបន្ទាប់ពីមានការសាកសួរដេញដោល ជុំវិញរបាយការណ៍របស់សារព័ត៌មាន The New York Times ដែលបានចុះផ្សាយមុននេះថា លោក មីនហ្ស៊ីន បានបាត់ខ្លួនដោយអាថ៌កំបាំងនៅក្នុងទីក្រុងគុនមិញ ភាគនិរតីនៃប្រទេសចិន កាលពីសប្តាហ៍មុន៕