បាងកក៖ រាជរដ្ឋាភិបាលថៃ នាថ្ងៃសុក្រនេះ បានប្រកាសដាក់ប្រទេសឱ្យកាន់ទុក្ខផ្លូវការរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ តទៅ ព្រមទាំងបង្គាប់ឱ្យគ្រប់ស្ថាប័នរដ្ឋ សហគ្រាសរដ្ឋ និងគ្រឹះស្ថានសិក្សាទូទាំងប្រទេស បង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីសម្តែងការមរណទុក្ខយ៉ាងក្រៀមក្រំចំពោះការយាងចូលទិវង្គតរបស់ព្រះរាជបុត្រីច្បងព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រី បាចរ៉ាគិតិយាភា (Bajrakitiyabha)ក្នុងព្រះជន្ម៤៧ព្រះវង្សា។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត វិធានការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញមួយ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក អនុទីន ចាន់វីរៈគុល ភ្លាមៗបន្ទាប់ពីមានសេចក្តីប្រកាសផ្លូវការពីព្រះបរមរាជវាំងថៃ។
មន្ត្រីរាជការ និងបុគ្គលិករដ្ឋទាំងអស់ ត្រូវបានតម្រូវឱ្យស្លៀកពាក់កាន់ទុក្ខរយៈពេល ១៥ថ្ងៃ ខណៈប្រជាពលរដ្ឋទូទៅត្រូវបានស្នើសុំឱ្យចូលរួមកាន់ទុក្ខទៅតាមការសមគួរ។
គណៈរដ្ឋមន្ត្រីថៃបានបង្កើតគណៈកម្មាធិការពិសេសមួយ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃផ្ទាល់ ដើម្បីចាត់ចែងរៀបចំពិធីបុណ្យព្រះសពឱ្យស្របតាមព្រះរាជប្រពៃណី និងរៀបចំពិធីសូត្រមន្តថ្វាយព្រះរាជកុសលក្នុងអំឡុងពេល ១០០ថ្ងៃ និងប្រគល់ភារកិច្ចជូនក្រសួងវប្បធម៌ក្នុងការសាងសង់ព្រះមេរុសម្រាប់ពិធីថ្វាយព្រះភ្លើង។
ទាក់ទងនឹងការប្រកាសកាន់ទុក្ខនេះ អាជ្ញាធរថៃបានបញ្ជាក់ថានឹងមិនមានការហាមឃាត់កម្មវិធីកម្សាន្ត ឬសកម្មភាពសាធារណៈនានានោះទេ ប៉ុន្តែគ្រាន់តែស្នើសុំឱ្យអ្នករៀបចំកម្មវិធីទាំងអស់ កែសម្រួលទម្រង់និងលក្ខណៈកម្មវិធីឱ្យបានសមរម្យ។
គួរបញ្ជាក់ថា ព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ បានជួបប្រទះបញ្ហាព្រះរាជសុខភាពជាទម្ងន់ និងបានបាត់បង់ព្រះស្មារតីតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ។ គិតសរុបរយៈពេលដែលទ្រង់បានសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យ គឺមានរយៈពេលជិត ៤ឆ្នាំ មុនពេលដែលព្រះបរមរាជវាំងថៃបានចេញសេចក្តីប្រកាសជាផ្លូវការអំពីការយាងចូលទិវង្គតរបស់ព្រះអង្គ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ៕