ភ្នំពេញ៖ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារនឹងដៃគូពីស្ថាប័ន Link Innovation ជាវេទិកានវានុវត្តន៍សកល ដែលដើរតួជាអ្នកតភ្ជាប់ជាមួយនឹងវិនិយោគិន ក្រុមហ៊ុនធំៗ និង ពន្លឿនការអភិវឌ្ឍធុរកិច្ច (Accelerator) ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មីទៅកាន់កម្រិតអន្តរជាតិ។
ជំនួបពិភាក្សានេះ បានឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណង៖ សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីយន្តការគាំទ្រធុរកិច្ចថ្មី និង បច្ចេកវិទ្យានវានុវត្តន៍នានា និង បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយ ដើម្បីលើកកម្ពស់សហគ្រិនភាព នវានុវត្តន៍ និង ការរីកលូតលាស់នៃធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ នឹងដើរតួជាស្ពានចម្លងយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជា ទៅកាន់បណ្តាញនវានុវត្តន៍សកល ពិសេសគឺការបើកឱកាសឈានជើងចូលទៅកាន់ទីផ្សារធំៗដែលមានការអភិវឌ្ឍខ្ពស់ ដូចជាប្រទេសឥណ្ឌា និង ប្រទេសបារាំង៕