ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក (American Pacific International School) បានរៀបចំពិធីសម្តែងសមត្ថភាពសិស្សប្រចាំឆ្នាំ និងប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ជូនដល់សិស្សានុសិស្សបញ្ចប់ឆ្នាំសិក្សា ក្រោមបរិយាកាស ដ៏អធិកអធម សប្បាយរីករាយ និងពោរពេញដោយមោទនភាព។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលា ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សមានចំនួន ប្រហែលមួយពាន់ពីររយនាក់ (១២០០នាក់) ដែលបានរួមគ្នាអបអរសាទរសមិទ្ធផល និងភាពជោគជ័យ របស់សិស្សានុសិស្សក្នុងឆ្នាំសិក្សា ២០២៥-២០២៦របស់សាលា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសមិទ្ធផលសិក្សា ចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត និងទេពកោសល្យរបស់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សា ពេញមួយឆ្នាំសិក្សាកន្លងមក។ ហើយនៅចុងបញ្ចប់នៃកម្មវិធីសាលាក៏មានកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូនដល់សិស្ស ដែលបានបញ្ចប់ការសិក្សាកម្រិតថ្នាក់មត្តេយ្យសិក្សាចំនួន១៧នាក់ ថ្នាក់បឋមសិក្សាចំនួន២៨នាក់ និងថ្នាក់មធ្យមសិក្សា រួមមានកម្រិតថ្នាក់ IGCSE ចំនួន៣២នាក់ និងកម្រិតថ្នាក់ A Levels ចំនួន១៥នាក់ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់ការសិក្សាក្នុងគោបំណងជំរុញឱ្យសិស្សានុសិស្ស បន្តខិតខំសិក្សាដើម្បីសម្រេចគោលដៅអប់រំ និងអនាគតដ៏ភ្លឺស្វាង។
សាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក ប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព ស្របតាមស្តង់ដារអន្តរជាតិ និងជាតិ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព សីលធម៌ និងភាពជាពលរដ្ឋសកលសម្រាប់សង្គមនាពេលអនាគត។ ក្នុងឱកាសដ៏មានអត្ថន័យនេះសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត ការគាំទ្រ និងកិច្ចសហការ យ៉ាងល្អប្រសើរជាមួយសាលាក្នុងការអប់រំ និងអភិវឌ្ឍសិស្សានុសិស្ស។ សាលាក៏សូមកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពជូនសិស្សានុសិស្ស។
ជាពិសេស សាលាសូមអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានជោគជ័យក្នុងឆ្នាំសិក្សានេះ។ សាលាសូមជូនពរឱ្យសិស្សានុសិស្សទាំងអស់បន្តទទួល បានភាពជោគជ័យក្នុងការសិក្សា សុខភាពល្អ និងសម្រេចក្តីស្រមៃរបស់ខ្លួននាពេលអនាគត។
គួរបញ្ជាក់ថា សាលាអន្តរជាតិអាមេរិកាំប៉ាស៊ីហ្វិក ជាសាលាអន្តរជាតិមួយក្នុងប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណ័ទទួលស្គាល់ដោយខេមប្រ៊ីជ (Cambridge) និងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសាលាមានពីរសាខា ដោយសាខាទី១នៅលើផ្លូវប៉ាស្ទ័រ ជិតវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាខាទី២ នៅលើផ្លូវ២៧១ ជិតមន្ទីរពេទ្យលោកសង្ឃ។ សាលាមានផ្តល់កម្មវិធីសិក្សាបី(០៣) វិធី គឺកម្មវិធីអន្តរ ជាតិទទួលស្គាល់ដោយខេមប្រ៊ីជ និងកម្មវិធីជាតិទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធី សិក្សាភាសាចិនផងដែរ។ បច្ចុប្បន្ននេះសាលាកំពុងចាប់ផ្តើមទទួលចុះឈ្មោះសិស្សចូលរៀន សម្រាប់ឆ្នាំ សិក្សាថ្មី២០២៦-២០២៧ផងដែរ។ ឆ្នាំសិក្សាថ្មីនឹងចូលរៀននៅថ្ងៃទី០៣ ខែសីហា ២០២៦ ខាងមុខនេះ៕