ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ Humphrey ប្រកាសផ្តល់អាហារូបករណ៍ ដល់អ្នកជំនាញពាក់កណ្ដាលអាជីព ដែលមានបំណងចូលរួមបម្រើសេវាសាធារណៈ។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងចំណាយពេល ១០ខែ នៅសហរដ្ឋអាមេរិក ដើម្បីពង្រីកបណ្តាញវិជ្ជាជីវៈរបស់ខ្លួន។
យោងតាមគេហទំព័រស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានបរិញ្ញាបត្រសាកលវិទ្យាល័យ និងជាអ្នកជំនាញអាជីព ដែលមានបទពិសោធន៍ធ្វើការពេញម៉ោង ចាប់ ៥ ឆ្នាំឡើងទៅ។ ជាពិសេស បេក្ខជនត្រូវមានសក្តានុពលជាអ្នកដឹកនាំ និងការប្តេជ្ញាបម្រើសេវាសាធារណៈ ដែលមានបំណងចំណាយពេល ១០ ខែនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកបណ្តាញវិជ្ជាជីវៈរបស់ខ្លួន។
បើតាមប្រភពដដែល គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង រវាងប្រជាជនកម្ពុជា និងសហគមន៍វិជ្ជាជីវៈនៅសហរដ្ឋអាមេរិក។ តាមរយៈការផ្តល់បទពិសោធន៍ផ្ទាល់ទាក់ទងនឹងសង្គម វប្បធម៌ និងវិស័យការងារនៅក្នុងអាមេរិក កម្មវិធីនេះនឹងជួយពង្រឹងសមត្ថភាពដល់អនាគតអ្នកដឹកនាំ និងអ្នករៀបចំគោលនយោបាយរបស់កម្ពុជា។
កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកជំនាញដែលមានបទពិសោធន៍ការងារច្បាស់លាស់ ទាំងក្នុងដំណាក់កាលដំបូង និងពាក់កណ្តាលនៃអាជីព (mid-career professionals) ដោយផ្តោតលើការសិក្សាស្រាវជ្រាវ នៅតាមសាកលវិទ្យាល័យល្បីៗ ការអភិវឌ្ឍសមត្ថភាពដឹកនាំ ព្រមទាំងការបង្កើតកិច្ចសហការជាមួយស្ថាប័ននានានៅអាម៉េរិក។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីកម្មវិធី និងដាក់ពាក្យតាមរយៈតំណភ្ជាប់ ៖https://kh.usembassy.gov/hubert-h-humphrey-fellowship/ ឱ្យបានមុនថ្ងៃ ១៩ ខែកក្កដា ឆ្នាំ ២០២៦៕