Img 1426
Swift cc time

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ប្រារព្ធពិធីសាទរ «ទិវានៃប្រទេសរុស្ស៊ី» និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតទ្វេភាគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃល្ងាចទី១១ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីជប់លៀងរដ្ឋយ៉ាងអធិកអធម ដើម្បីអបអរសាទរ «ទិវានៃប្រទេសរុស្ស៊ី» ក្រោមការដឹកនាំរបស់ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងមានការចូលរួមជាភ្ញៀវកិត្តិយសជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន។ ពិធីនេះក៏មានការយាង និងអញ្ជើញចូលរួមពីសមាជិកព្រះរាជវង្សានុវង្ស អង្គទូត និងតំណាងអង្គការអន្តរជាតិនានាផងដែរ។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ លោក អាណាតូលី បូរ៉ូវីក បានរំលឹកពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃទិវាជាតិរបស់ខ្លួន ព្រមទាំងបានគូសបញ្ជាក់ពីជំហរជាប់លាប់របស់រុស្ស៊ីក្នុងការគាំទ្រប្រព័ន្ធពហុប៉ូល សន្តិសុខដ៏ស្មើភាព ការដោះស្រាយជម្លោះតាមផ្លូវការទូត និងការប្រឆាំងនឹងលទ្ធិអាណានិគមនិយមថ្មីនៅលើឆាកអន្តរជាតិ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបន្តថា កម្ពុជាមានកន្លែងពិសេសមួយក្នុងចំណោមមិត្តភក្តិ និងដៃគូប្រកបដោយទំនុកចិត្តរបស់រុស្ស៊ី។ បច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រួមមានកិច្ចសន្ទនានយោបាយតាមរយៈផែនការពិគ្រោះយោបល់ឆ្នាំ២០២៥-២០២៧ ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្សដែលបានអប់រំនិស្សិតកម្ពុជាជាង ៨,០០០នាក់ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងការជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

សម្តេចព្រះ នរោត្តម សីហនុ និងលោក នីគីតា គ្រូឆេវ (Nikita Khrushchev) មេដឹកនាំសហភាពសូវៀត ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅស្ថានទូតកម្ពុជាប្រចាំទីក្រុងម៉ូស្គូ នាឱកាសពិព័រណ៍សមិទ្ធិផលវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៦០។ រូបភាព៖ ក្រសួងការបរទេសរុស្ស៊ី

គួររំលឹកថា ពិធីជប់លៀងនេះក៏ជាការអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ដែលជាចំណងមិត្តភាពប្រពៃណីដ៏រឹងមាំ និងឆ្លងកាត់ការសាកល្បងដោយពេលវេលាតាំងពីសម័យសហភាពសូវៀត ក្នុងការចូលរួមចំណែកផ្តល់ជំនួយដ៏ធំធេងដើម្បីស្តារនិងកសាងកម្ពុជាឡើងវិញ។ លើសពីនេះ ភាគីរុស្ស៊ីក៏បានលើកឡើងពីភាពជាដៃគូសន្ទនារុស្ស៊ី-អាស៊ាន ខួបលើកទី៣៥ និងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នាថ្ងៃទី១៨ ខែមិថុនា ខាងមុខ នៅទីក្រុងកាហ្សាន (Kazan) ថាជានិមិត្តរូប និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនវិបុលភាពសម្រាប់ប្រជាជននៃតំបន់ទាំងពីរផងដែរ៕

Khcct banner

អត្ថបទទាក់ទង