ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិចារណាដាក់បញ្ចូលមុខវិជ្ជាភាសាបរទេស តួយ៉ាងភាសាអង់គ្លេស និងបារាំង ជាមុខវិជ្ជាកាតព្វកិច្ចសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារសតវត្សរ៍ទី២១ បរិវត្តកម្មសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ នេះបើតាម កិច្ចប្រជុំរបស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ក្រសួងអប់រំ មើលឃើញពីសារៈសំខាន់នៃភាសាបរទេស ក្នុងការជួយពង្រឹងបំណិនទំនាក់ទំនងឱ្យមានសមត្ថភាពគ្រប់គ្រាន់ទាំង ៤ ជំនាញ រួមមានស្តាប់ និយាយ អាន និងសរសេរ។ លើសពីនេះ មុខវិជ្ជាភាសាបរទេសក៏នឹងជួយពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ បង្កើតទំនាក់ទំនងសកល និងឆ្លើយតបយ៉ាងប្រសិទ្ធភាពទៅនឹងបរិវត្តកម្មវិស័យសេដ្ឋកិច្ច សង្គម ព្រមទាំងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងតំបន់ និងលើសកលលោក។ បន្ថែមពីនេះ ក្រសួងមានជំនឿថា ការកែទម្រង់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាសតវត្សរ៍ទី២១ និងជួយឱ្យសិស្សានុសិស្សមានលទ្ធភាពសិក្សាពេញមួយជីវិតប្រកបដោយការជឿជាក់ និងនវានុវត្តន៍ខ្ពស់។
សម្រាប់ជំហានបន្ទាប់ដើម្បីឆ្ពោះទៅអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សម្រាប់ការអនុវត្តបន្តជូនដល់ក្រុមការងារ ដោយត្រូវធ្វើការសិក្សាប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ពីចំនួនសាលារៀន ដែលកំពុងអនុវត្តកម្មវិធីសិក្សាភាសាបរទេស ដូចជាភាសាអង់គ្លេស បារាំង ចិន និងភាសាផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រុមការងារត្រូវសិក្សា និងវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាភាសាបរទេសតាមសាលារៀនបច្ចុប្បន្ន ទាំងលើទិដ្ឋភាពម៉ោងសិក្សា សមត្ថភាពគ្រូ វិធីសាស្ត្របង្រៀន ការប្រើប្រាស់ធនធាន និងសៀវភៅសិក្សាគោល។
ក្រសួងអប់រំ បានលើកឡើងថា ការសិក្សា និងស្វែងយល់ច្បាស់ពីស្ថានភាពបច្ចុប្បន្នតាមសាលារៀនទាំងនេះ នឹងអាចឱ្យក្រសួងដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលគ្រូដើម្បីឆ្លើយតបនឹងតម្រូវការកម្រិតការបង្រៀន ព្រមទាំងកែលម្អកម្មវិធីបង្រៀនឱ្យចំគោលដៅ។ លើសពីនេះទៅទៀត រដ្ឋមន្រ្តីក្រសួងអប់រំ បានណែនាំឱ្យដាក់ចេញនូវយុទ្ធសាស្ត្រពីរដាច់ដោយឡែកពីគ្នា សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយត្រូវបញ្ចូលការរៀនភាសាបរទេសទៅក្នុងថ្នាលរៀន PLP សម្រាប់កម្រិតបឋមសិក្សា ហើយផ្សារភ្ជាប់ការរៀននិងបង្រៀនជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្រសួងនឹងជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ រៀបចំពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ ម៉ោងសិក្សា គ្រូបង្រៀន និងធនធាននានា ដោយសេចក្តីណែនាំលម្អិតស្តីពី «ការពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេស» សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា នឹងត្រូវប្រកាសដាក់ចេញក្នុងពេលឆាប់ៗនេះ៕