Img 1426
Swift cc time

ឱកាសដណ្តើមពានរង្វាន់ក្នុង«មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦» ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦» ក្រោមប្រធានបទ «ចង្កឹះមួយបាច់»។ ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ នឹងប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១-២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការរៀបចំមហោស្រពនេះឡើង គឺក្នុងគោលបំណងលើកស្ទួយ និងអភិរក្សតម្លៃសិល្បៈល្ខោននិយាយជាតិ ព្រមទាំងលើកទឹកចិត្តដល់សិល្បករផ្នែកល្ខោននិយាយ ឱ្យមានឱកាសបញ្ចេញសមត្ថភាព ទេពកោសល្យ និងពង្រឹងសិល្បៈទម្រង់មួយនេះឱ្យកាន់តែរីកចម្រើន។

យោងតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លក្ខខណ្ឌ និងវិញ្ញាសាប្រឡង បេក្ខជន ឬក្រុមល្ខោនដែលចង់ចូលរួមប្រកួតប្រជែង ត្រូវបំពេញពាក្យសុំប្រឡងដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេបរបស់ប្រធានក្រុមចំនួន ០1 ច្បាប់។ ក្រុមនីមួយៗត្រូវថតវីដេអូសកម្មភាពសម្តែងសាច់រឿងពេញលេញ ដែលមានរយៈពេលពី ១៥ នាទី ទៅ ៣០ នាទី ដោយធានាថាជាវីដេអូថតថ្មី និងមិនធ្លាប់យកទៅប្រកួតក្នុងប្រព័ន្ធផ្សព្វផ្សាយណាមួយពីមុនមកឡើយ។ សម្រាប់ការវាយតម្លៃ នៅក្នុងវគ្គជម្រុះដំបូង គណៈកម្មការនឹងធ្វើការពិនិត្យលើវីដេអូសម្តែងក្រោមប្រធានបទ «ចង្កឹះមួយបាច់» ដែលមានរយៈពេលពី ១៥ ទៅ ៣០ នាទីនេះ។ បន្ទាប់មក ក្រុមដែលត្រូវបានជ្រើសរើសឱ្យជាប់ទៅវគ្គផ្តាច់ព្រ័ត្រ ត្រូវមកសម្តែងផ្ទាល់នៅលើឆាកក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទដដែល ដោយប្តូរមកប្រើប្រាស់រយៈពេលសម្តែងចន្លោះពី ៣០ នាទី ទៅ ៦០ នាទីវិញ។

ការប្រកួតនេះនឹងចាប់ផ្តើមទទួលពាក្យ និងវីដេអូសម្តែងតាំងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីជាកំហិត ដើម្បីទុកពេលជូនគណៈកម្មការពិនិត្យ និងវាយតម្លៃ។ លទ្ធផលនៃវគ្គជម្រុះនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ តាមរយៈទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសិល្បៈទស្សនីយភាព ហើយក្រុមដែលជាប់ឈ្មោះនឹងត្រូវឡើងមកប្រកួតផ្ទាល់ក្នុងវគ្គផ្តាច់ព្រ័ត្ររយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១-២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

បើតាមប្រភពដដែល ក្រុមល្ខោននិយាយដែលទទួលបានជ័យលាភីលេខ ១ នឹងទទួលបានពានមាស ១ ព្រមទាំងប្រកាសនីយបត្រ និងប្រាក់រង្វាន់។ ចំណែកឯជ័យលាភីលេខ ២ នឹងទទួលបានពានប្រាក់ ១ ព្រមទាំងប្រកាសនីយបត្រ និងប្រាក់រង្វាន់ ហើយជ័យលាភីលេខ ៣ នឹងទទួលបានពានសំរឹទ្ធ ១ ព្រមទាំងប្រកាសនីយបត្រ និងប្រាក់រង្វាន់ដូចគ្នា។ ទោះជាយ៉ាងណា ក្រសួងបានបញ្ជាក់ថា ចំពោះការចំណាយលើមធ្យោបាយធ្វើដំណើរ ក៏ដូចជាការហូបចុក និងការស្នាក់នៅ គឺកម្រងក្រុមល្ខោននីមួយៗត្រូវទទួលរាប់រងដោយខ្លួនឯង។

សម្រាប់យុវជន ឬសិល្បករដែលចាប់អារម្មណ៍ អាចទាក់ទងដាក់ពាក្យសុំប្រឡងតាមរយៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឬមកដាក់ពាក្យដោយផ្ទាល់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧៣ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងក្រោយសាលាមធ្យមសិក្សាសិល្បៈ និងសាលាវ៉ាន់ដា)៕


Khcct banner

អត្ថបទទាក់ទង