ថៃ៖ ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃ កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ដោយសារតែការហក់ឡើងនៃថ្លៃដើមប្រតិបត្តិការ ដែលបណ្តាលមកពីវិបត្តិថាមពលសកល។ ស្ថានភាពដ៏តានតឹងនេះ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លំដាប់ឈានមុខជាច្រើន សម្រេចចិត្តលុបចោល និងកាត់បន្ថយជើងហោះហើរជាបន្តបន្ទាប់។ ជាក់ស្ដែង ក្រុមហ៊ុនល្បីៗរួមមាន Thai Airways, Thai Lion Air និង Thai AirAsia កំពុងរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិតម្លៃប្រេងយន្តហោះ (Jet A-1) ដែលបានហក់ឡើងខ្ពស់ជាងធម្មតាពី ២ ទៅ ៣ដង ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។
យោងតាមការចេញផ្សាយរបស់កាសែត The Nation បានឱ្យដឹងថា ការកើនឡើងនូវតម្លៃប្រេងនេះ បានរុញច្រានការចំណាយលើប្រេងឥន្ធនៈពី ៣០% ទៅរហូតដល់ជាង ៥០% នៃថ្លៃដើមប្រតិបត្តិការសរុប។ កត្តានេះ រួមផ្សំនឹងការឈានចូលដល់រដូវកាលមិនសូវមានភ្ញៀវទេសចរ (Low Season) ផងនោះ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ត្រូវលុបចោល និងកាត់បន្ថយជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិជាច្រើន ចាប់ពីត្រីមាសទី២ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៦ នេះ។
ក្នុងនោះ ក្រុមហ៊ុន Thai Airways បានកាត់បន្ថយ និងលុបចោលជើងហោះហើរលើផ្លូវហោះហើរសំខាន់ៗចំនួន ១០ ខ្សែ ដូចជា ខ្សែហោះហើរបាងកក-ញូដេលី, កៅស៊ុង (តៃវ៉ាន់), ហុងកុង, សាប៉ូរ៉ូ (ជប៉ុន) និងឆាងសា (ចិន) ដោយចាប់អនុវត្តចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា ឆ្នាំ២០២៦។
ដោយឡែក ក្រុមហ៊ុន Thai Lion Air ក៏បានប្រកាសផ្អាកជាបណ្តោះអាសន្ន និងកាត់បន្ថយការហោះហើរលើផ្លូវហោះហើរជាច្រើនផ្សេងទៀត ចេញពីព្រលានយន្តហោះ Don Mueang និងខេត្តភូកេត ទៅកាន់គោលដៅអន្តរជាតិ ដូចជា តៃប៉ិ-ណាហ្គូយ៉ា, ទីក្រុងមួយចំនួនរបស់ចិន (សិនជិន, ធានជីន, ស៊ីអាន), ឥណ្ឌា (ដេលី, អាំរីតសារ), សិង្ហបុរី និងកាត់ម៉ាន់ឌូ ដោយចាប់ផ្តើមអនុវត្តចាប់ពីចុងខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២៦ នេះដូចគ្នាដែរ៕