ភ្នំពេញ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា ប្រកាសរើស យុវជនអាយុ ១៨-២៤ឆ្នាំ ដែលមកពី ខេត្តកំពង់ធំ និងព្រះវិហារ ចូលរួមកម្មវិធី «ការបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភ» ដើម្បីអបអរសាទរ ទិវាយុវជនអន្តរជាតិ នៅថ្ងៃទី១២-១៥ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា បានឱ្យដឹងថា លក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជនដែលដាក់ពាក្យចូលរួមត្រូវតែជាជនជាតិខ្មែរ មានអាយុចាប់ពី ១៨ ដល់ ២៤ ឆ្នាំ និងមានសុខភាពល្អ។ កម្មវិធីនេះផ្តល់អាទិភាពពិសេសសម្រាប់យុវជនដែលមកពីខេត្តកំពង់ធំ និងខេត្តព្រះវិហារ ហើយមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់ពាក់ព័ន្ធនឹងប្រធានបទអាហារូបករណ៍ ក៏ដូចជាវិស័យសុវត្ថិភាពចំណីអាហារ។
សម្រាប់យុវជនដែលត្រូវបានជ្រើសរើសជាបេក្ខជនពេញសិទ្ធិ នឹងទទួលបានការឧបត្ថម្ភយ៉ាងពេញលេញ រួមមានការរៀបចំមធ្យោបាយធ្វើដំណើរទៅនិងមកពីខេត្តកំពង់ធំ និងខេត្តព្រះវិហារ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារយ៉ាងសមរម្យនៅកន្លែងរៀបចំកម្មវិធីបោះជំរំផ្ទាល់ក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងទទួលបានកញ្ចប់សម្ភារប្រើប្រាស់ដ៏សម្បូរបែប ដូចជា អាវយឺត កាបូបស្ពាយចំហៀង កែវទឹក ប៊ិច សៀវភៅសរសេរ កាតសម្គាល់ខ្លួន និងសម្ភារចាំបាច់ផ្សេងៗទៀត រួមទាំងទទួលបានលិខិតបញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលផ្លូវការថែមទៀតផង។
ដំណើរការជ្រើសរើសអ្នកចូលរួមនឹងត្រូវធ្វើឡើងជា ៤ ដំណាក់កាលសំខាន់ៗ៖ ដំបូង កម្មវិធីនឹងត្រូវបិទបញ្ចប់ការទទួលពាក្យសុំចូលរួមនៅត្រឹមថ្ងៃទី ២៨ ខែមិថុនា។ បន្ទាប់មក គណៈកម្មការនឹងធ្វើការពិនិត្យ និងជ្រើសរើសបេក្ខជនដែលជាប់ឈ្មោះចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា។ ជំហានបន្ទាប់គឺការទំនាក់ទំនងទៅកាន់អ្នកដែលបានជាប់ឈ្មោះរៀបចំឡើងនៅចន្លោះថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកក្កដា ហើយជាចុងក្រោយ បេក្ខជនទាំងអស់នឹងត្រូវធ្វើដំណើរមកចូលរួមកម្មវិធីបោះជំរំជាផ្លូវការនៅថ្ងៃទី ១២ ខែសីហា។
បេក្ខជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/3RSS6MI ឱ្យបានត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦៕