Img 1426
Swift cc time

សម្តេច ហ៊ុន សែន ប្តេជ្ញានឹងជួយរាជរដ្ឋាភិបាលក្នុងការផលិតសម្ភារៈ ទាក់ទងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី១១មិថុនានេះ បានប្រកាសថាសម្តេចប្តេជ្ញានឹងជួយរាជរដ្ឋាភិបាលក្នុងការផលិតសម្ភារៈ ទាក់ទងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ។ សម្តេចថ្លែងថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ គឺសម្រាប់កងកម្លាំងយោធា និងនគរបាល ប្រើប្រាស់ផលិតផលខ្មែរដោយផ្ទាល់ និងមិនបាច់នាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ។

នៅក្នុងឱកាសអញ្ជើញពិនិត្យច្រវ៉ាក់ផលិតកម្ម នៃរោងចក្រDSS ផលិតសម្ភារៈយោធា ដែលជារោងចក្រខ្មែរ ផលិតដោយកូនខ្មែរ នៅក្នុងខេត្តបាត់ដំបង សម្ដេច ហ៊ុន សែន បានអញ្ជើញពិនិត្យមើលគ្រប់ដំណើរការនៃការផលិតសម្ភារៈយោធាទាំងអស់ ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល។

សម្តេចក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ។ សម្ដេចក៏បានមានប្រសាសន៍អំពីគុណភាពអាវក្រោះដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាសាករួចហើយដែរ។សម្ដេចបន្តទៀតថា ហើយក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ។

ពាក់ព័ន្ធទៅនឹងការផលិតសម្ភារៈយោធា សម្តេចថ្លែងថា សម្តេចនឹងបន្តជួយរដ្ឋាភិបាលកម្ពុជា លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ។ សម្តេចបន្តថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។

សម្តេចបានមានប្រសាសន៍បន្តទៀតថា គោលដៅរបស់ប្រទេសកម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឲ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស​៕


Khcct banner

អត្ថបទទាក់ទង