ប៉េកាំង៖ នៅក្នុងពិធីបើក «វេទិកាស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦» នាទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានប្រកាសដាក់ចេញនូវផែនការសកម្មភាពសិទ្ធិមនុស្សជាតិថ្មីមួយ ដែលនឹងបើកផ្លូវឱ្យក្រុមជនងាយរងគ្រោះនៅក្នុងសង្គម អាចទទួលបានកិច្ចគាំពារ និងអត្ថប្រយោជន៍កាន់តែច្រើនពីការអភិវឌ្ឍជាតិ ដោយផែនការនេះផ្តោតសំខាន់លើការគោរពតួនាទីស្នូលរបស់ពលរដ្ឋ និងការការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ពួកគេ។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ គោលការណ៍គ្រឹះនៃផែនការថ្មីនេះ រួមមានការការពារជីវិត តម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការលើកកម្ពស់សិទ្ធិមនុស្សស្របតាមផ្លូវច្បាប់ សមភាព ប្រាកដនិយម និងការជំរុញការអភិវឌ្ឍបុគ្គលគ្រប់ជ្រុងជ្រោយដើម្បីវឌ្ឍនភាពសង្គម។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចិនប្តេជ្ញាធានាឱ្យផ្លែផ្កានៃការធ្វើទំនើបកម្ម អាចផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌។
យោងតាមផែនការសកម្មភាពថ្មីនេះ ចិននឹងបន្តលើកកម្ពស់សិទ្ធិមនុស្សតាមរយៈរបៀបវារៈអាទិភាពចំនួន ៣។ ទីមួយគឺ «សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌» ដោយផ្តោតលើការបង្កើតការងារ ការពារពលករ ជំរុញកញ្ចប់ថវិកាអប់រំឱ្យលើសពី ៤% នៃ GDP ព្រមទាំងពង្រឹងវិស័យសុខាភិបាលដើម្បីបង្កើនអាយុកាលរំពឹងរស់របស់ពលរដ្ឋឱ្យដល់ ៨០ ឆ្នាំ និងកាត់បន្ថយអត្រាមរណភាពទារកមកត្រឹម ៣ នាក់ ក្នុងចំណោម ១,០០0 នាក់។ ទីពីរគឺ «សិទ្ធិស៊ីវិល និងនយោបាយ» តាមរយៈការកែលម្អយន្តការការពារសិទ្ធិរស់រានមានជីវិត ទិន្នន័យផ្ទាល់ខ្លួន និងសេរីភាពជំនឿសាសនា។ ចុងក្រោយគឺ «សិទ្ធិបរិស្ថាន» ដោយចាប់ផ្តើមអនុវត្តក្រមបរិស្ថាននិងអេកូឡូស៊ី និងបង្កើតប្រព័ន្ធគ្រប់គ្រងឌីជីថលសម្រាប់ចក្ខុវិស័យ «ប្រទេសចិនដ៏ស្រស់ស្អាត» ដើម្បីរុញច្រានការរស់នៅចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ ព្រមទាំងឈានទៅសម្រេចឱ្យបាននូវចំណុចកំពូលនៃការបំភាយឧស្ម័នកាបូន (Carbon Peak) មុនឆ្នាំ២០៣០។
ដើម្បីសម្រេចបាននូវការបើកផ្លូវផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន ផែនការសកម្មភាពខាងលើបានសង្កត់ធ្ងន់ជាពិសេសទៅលើការគាំពារ និងធានាការពារសិទ្ធិស្មើៗគ្នាចំពោះគ្រប់ក្រុមមនុស្សដែលងាយរងគ្រោះ រួមមានជនជាតិភាគតិច ស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។
ក្នុងទិដ្ឋភាពអន្តរជាតិ ចិនបានប្រកាសប្ដេជ្ញាចិត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល តាមរយៈការធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចូលរួមក្នុងកិច្ចការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) និងការបន្តអនុវត្តការត្រួតពិនិត្យការបំពេញកាតព្វកិច្ចតាមសន្ធិសញ្ញាសិទ្ធិមនុស្សនានាផងដែរ៕