Img 1426
Swift cc time

តុលាការថៃកាត់ទោសប្រហារជីវិតបុរស ២ នាក់ ពាក់ព័ន្ធការបំផ្ទុះ«គ្រាប់បែកភេរវកម្ម» កាលពីឆ្នាំ២០១៥

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ តុលាការព្រហ្មទណ្ឌថៃ នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមកាត់ទោសប្រហារជីវិតបុរសចំនួន ២ នាក់ ពីបទរួមគំនិតគ្នាបើកការវាយប្រហារ «បំផ្ទុះគ្រាប់បែក» នៅវិហារអេរ៉ាវ៉ាន់ (Erawan Shrine) ក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១៥ ដែលជាព្រឹត្តិការណ៍ភេរវកម្មដ៏សាហាវឃោរឃៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត តុលាការថៃបានរកឃើញថា ជនជាប់ចោទឈ្មោះ អាដិម ការ៉ាដាក (Adem Karadag) និង មីរ៉ៃលី យូស៊ូហ្វូ (Mieraili Yusufu) ពិតជាមានទោសកំហុស ក្នុងការរួមគ្នាបង្កើត និងបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដែលបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ២០ នាក់ (ក្នុងនោះមានជនបរទេស ១៤ នាក់ និងពលរដ្ឋថៃ ៦ នាក់) ព្រមទាំងបង្កឱ្យមនុស្សជាង ១០០ នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។

តំណាងអយ្យការថៃបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ការ៉ាដាក គឺជាអ្នកទទួលខុសត្រូវក្នុងការយកកាតាបផ្ទុកគ្រាប់បែកទៅដាក់នៅកន្លែងកើតហេតុ ចំណែកឯឈ្មោះ យូស៊ូហ្វូ គឺជាអ្នករៀបចំដំឡើងឧបករណ៍ ស្វែងរកទិញគ្រឿងផ្សំ និងយកគ្រាប់បែកនោះទៅប្រគល់ឱ្យ ការ៉ាដាក ដើម្បីអនុវត្តផែនការ។ យោងតាមលទ្ធផលនៃការស៊ើបអង្កេត ឧបករណ៍បំផ្ទុះដែលជនល្មើសយកទៅប្រើប្រាស់ គឺជាគ្រាប់បែកច្នៃ (IED) ធ្វើឡើងពីសារធាតុ TNT ដោយលាក់ទុកក្នុងកាតាបស្ពាយ រួចយកទៅដាក់ចោលនៅក្រោមបង់អង្គុយក្នុងបរិវេណវិហារ។

ក្រៅពីទោសប្រហារជីវិត តុលាការក៏បានពិន័យជាប្រាក់បន្ថែមចំនួន ១,០០០ បាត (ប្រមាណ ២៧ ដុល្លារអាម៉េរិក) លើជនជាប់ចោទម្នាក់ៗ ពីបទកាន់កាប់ និងនាំយកអាវុធខុសច្បាប់ទៅកាន់ទីសាធារណៈ។

ការប្រកាសសាលក្រមដ៏ធ្ងន់ធ្ងរនេះ ធ្វើឡើងបន្ទាប់ពីដំណើរការក្តីអូសបន្លាយអស់រយៈពេលជិត ១១ ឆ្នាំ ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញខ្លាំង និងទាមទារការស្តាប់សក្ខីកម្មពីសាក្សីខាងភាគីអយ្យការជាង ៤០០ នាក់ និងសាក្សីខាងភាគីការពារក្តីចំនួន ៤៥ នាក់ ព្រមទាំងមានឯកសារភស្តុតាងសរុបជាង ១០,០០០ ទំព័រ។

គួររំលឹកថា ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅឯវិហារអេរ៉ាវ៉ាន់ បានបង្កភាពតក់ស្លុតភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រទេសថៃ និងសហគមន៍អន្តរជាតិ ដោយសារតែទីតាំងនេះគឺជាបេះដូងទេសចរណ៍ដ៏សំខាន់ ដែលតែងតែមានពលរដ្ឋក្នុងស្រុក និងភ្ញៀវបរទេសមកជួបជុំគ្នាបន់ស្រន់យ៉ាងកុះករជារៀងរាល់ថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង