ហ្សាកាតា៖ សហរដ្ឋអាម៉េរិកបានសម្រេចតែងតាំង លោក Kevin Kim ដែលជាមន្ត្រីការទូតជាន់ខ្ពស់ដ៏មានឥទ្ធិពល និងមានបទពិសោធន៍យុទ្ធសាស្ត្រក្រាស់ក្រែល ឱ្យមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងជំហានដំបូងអាណត្តិ នាថ្ងៃ១១មិថុនានេះ លោកបានចូលជួបប្រគល់ «សារតាំង» (Letter of Credence) ជូន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជាផ្លូវការហើយ នៅឯទីស្នាក់ការកណ្តាលលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់បេសកកម្មសហរដ្ឋអាម៉េរិកប្រចាំអាស៊ាន (U.S. Mission to ASEAN)។
នៅក្នុងជំនួបនោះ លោក Kevin Kim បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះ «មជ្ឈភាពអាស៊ាន» (ASEAN Centrality) ព្រមទាំងបានលើកឡើងពីទិសដៅអាទិភាពរួមគ្នាចំនួន ៣ រួមមាន៖ ការពង្រឹងសន្តិសុខក្នុងតំបន់និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជម្រុញការតភ្ជាប់សេដ្ឋកិច្ច និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដើម្បីកសាងអនាគតដ៏មានវិបុលភាពសម្រាប់ប្រជាជននៃភាគីទាំងពីរ ដែលមានចំនួនសរុបប្រមាណ ១ ពាន់លាននាក់។
គួររំលឹកថា លោក Kevin Kim ត្រូវបានប្រកាសតែងតាំង និងស្បថចូលកាន់តំណែងដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ មុនពេលលោកធ្វើដំណើរមកដល់ទីក្រុងហ្សាកាតា កាលពីថ្ងៃទី០៩ ខែមិថុនា។
មុនមកកាន់តំណែងនេះ លោកធ្លាប់ធ្វើជាមន្ត្រីចាត់ចែងការបណ្ដោះអាសន្ននៅកូរ៉េខាងត្បូង និងជាអនុរដ្ឋលេខាធិការរងទទួលបន្ទុកកិច្ចការជប៉ុន កូរ៉េ និងម៉ុងហ្គោលី។ ជាពិសេស ក្នុងចន្លោះឆ្នាំ២០១៨-២០២០ លោកបានដើរតួជាប្រធានខុទ្ទកាល័យរបស់លោក Stephen Biegun ដោយបានចូលរួមផ្ទាល់ក្នុងការចរចានុយក្លេអ៊ែរ និងជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ក្នុងជំនួបកំពូលប្រវត្តិសាស្ត្រជាមួយកូរ៉េខាងជើង នៅសិង្ហបុរី ហាណូយ និងតំបន់ DMZ។ ក្រៅពីនេះ លោកក៏ធ្លាប់ជាមន្ត្រីជំនាញសន្តិសុខជាតិនៅក្នុងព្រឹទ្ធសភាអាម៉េរិកផងដែរ។ ចំពោះកម្រិតវប្បធម៌ លោកទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Johns Hopkins (សាលា SAIS) ហើយបច្ចុប្បន្នកំពុងបន្តសិក្សាថ្នាក់បណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅទីនោះ។
ទំនាក់ទំនងដៃគូរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៧៧ មកម្ល៉េះ ហើយសហរដ្ឋអាម៉េរិកបានបង្កើតបេសកកម្មការទូតរបស់ខ្លួនប្រចាំអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា ជាផ្លូវការនៅក្នុងឆ្នាំ២០០៩ ៕