ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (ARPAA) បានប្រកាសបើកទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលស្តីពី «ឌីជីថលនីយកម្ម និងការគ្រប់គ្រងបណ្ណសារ» ក្នុងរយៈពេល ៦ខែ ដោយផ្តល់អាហារូបករណ៍ពេញលេញជូនដល់យុវជនកម្ពុជាចំនួន ៦នាក់។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍ និងការផ្តល់ភាពអង់អាចដល់យុវជន» ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែតុលា ឆ្នាំ២០២៨។ គម្រោងនេះទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងទូលំទូលាយពី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited)។
ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជនទាំងអស់ត្រូវតែជាប្រជាជនកម្ពុជា ដែលមានអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ និងមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ។ ជាមួយគ្នានេះដែរ បេក្ខជនត្រូវតែជាបុគ្គលដែលមិនមានពិរុទ្ធភាព ហើយមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមរាល់គ្រប់វគ្គបណ្តុះបណ្តាលទាំងអស់ ដោយមិនមានការខកខានឡើយ។
អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន
ក្រោយពេលឆ្លងកាត់ការជ្រើសរើស សិក្ខាកាមជ័យលាភីនឹងទទួលបានការសិក្សា និងការប្រើប្រាស់សម្ភារៈឧបករណ៍ក្នុងមជ្ឈមណ្ឌលដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានការធានារ៉ាប់រងសុខភាពយ៉ាងដិតដល់ក្នុងកំឡុងពេលសិក្សាផងដែរ។ បន្ថែមពីនេះ គម្រោងក៏មានការផ្តល់កន្លែងស្នាក់នៅសម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តឆ្ងាយៗ ហើយបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្លូវការមួយពីមជ្ឈមណ្ឌល។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំងមជ្ឈមណ្ឌលបុប្ផាណា ផ្ទាល់ក្នុងរាជធានីភ្នំពេញ។ ការសិក្សានឹងធ្វើឡើងជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយសិក្សា ៨ម៉ោងក្នុងមួយថ្ងៃ ដែលបែងចែកជាពីរពេល គឺពេលព្រឹកចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៨:០០ ល្ងាច។
សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំចូលរៀនឱ្យបានយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់អនឡាញ ទម្រង់ចុះឈ្មោះ (Google Form (https://forms.gle/AvGajEAvyUZHsf5Z6))។ ព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១០ ៧៧៥ ១៥១ ឬ ០១៧ ៦៧ ២៩ ២៦។ សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណារក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់៕