Img 1426
Swift cc time

អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រមូសទាំងស្រុង ក្រោយរងការវាយប្រហារជាបន្តបន្ទាប់ពីអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តេហេរ៉ង់៖ ទីស្នាក់ការកណ្តាល Khatam al-Anbiya ដែលជាបញ្ជាការដ្ឋានយោធាដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់ កាលពីព្រលឹមថ្ងៃព្រហស្បតិ៍នេះ បានប្រកាសជាផ្លូវការថា ច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបិទចំពោះគ្រប់នាវាទាំងអស់ រួមទាំងនាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយសារតែបញ្ហាគំរាមកំហែងសន្តិសុខនៅក្នុងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ។ បញ្ជាការដ្ឋានយោធាអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ព្រមានយ៉ាងម៉ឺងម៉ាត់ថា រាល់នាវាទាំងឡាយណាដែលព្យាយាមបើកបរឆ្លងកាត់ច្រកសមុទ្រនេះ នឹងត្រូវក្លាយជាគោលដៅនៃការវាយប្រហារភ្លាមៗ។នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+។

ភ្លាមៗនោះ កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ក៏បានប្រកាសគាំទ្រចំណាត់ការនេះ ដោយបញ្ជាក់ថា ច្រកសមុទ្រហ័រមូសនឹងត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី ក្រោមហេតុផលថា សហរដ្ឋអាម៉េរិកបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្តបន្ទាប់។

កងកម្លាំង IRGC បានសង្កត់ធ្ងន់ថា មិនត្រូវអនុញ្ញាតឱ្យមាននាវាណាមួយចាកចេញពីចំណតរបស់ខ្លួននៅក្នុងឈូងសមុទ្រពែក្ស (Persian Gulf) ឬឈូងសមុទ្រអូម៉ង់ (Gulf of Oman) ឡើយ ហើយរាល់ការប៉ុនប៉ងបើកបរចូលកៀកនឹងច្រកសមុទ្រនេះ នឹងត្រូវចាត់ទុកថាជាសកម្មភាព «សហការជាមួយសត្រូវ»។

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទផ្លូវទឹកយុទ្ធសាស្ត្រនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានចំៗថា អ៊ីរ៉ង់បានចំណាយពេលយូរពេកក្នុងការចរចាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ហើយនឹង «ត្រូវបង់ថ្លៃ» ចំពោះការអូសបន្លាយពេលនេះ។ ជាការឆ្លើយតប អ៊ីរ៉ង់បានប្ដេជ្ញាថា រាល់ការវាយប្រហារតាមផ្លូវអាកាសជាថ្មីណាមួយពីសំណាក់អាម៉េរិក និងអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនឹងការវាយបកវិញយ៉ាងចាស់ដៃបំផុត រហូតឈានទៅដល់ការប្រកាសបិទច្រកសមុទ្រនេះតែម្តង។

នៅក្នុងកិច្ចប្រជុំនៃអង្គការសមុទ្រអន្តរជាតិ (IMO) ភាគីអ៊ីរ៉ង់ទើបតែបានទម្លាយទិន្នន័យផ្លូវការអំពីទំហំនៃការខូចខាតដ៏ធ្ងន់ធ្ងររបស់ខ្លួន ដោយបញ្ជាក់ថា មាននាវិកចំនួន ៥៤ នាក់បានបាត់បង់ជីវិត ៦៦ នាក់រងរបួស និង ៧ នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងឧប្បត្តិហេតុតាមផ្លូវសមុទ្រ ដែលបានជះឥទ្ធិពលដល់នាវាសរុបចំនួន ៣៦០ គ្រឿង ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជម្លោះជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលមក៕

Khcct banner

អត្ថបទទាក់ទង