រ៉ង់ហ្គូន៖ ស្ត្រីជនជាតិថៃម្នាក់ ត្រូវបានអាជ្ញាធរនៃប្រទេស មីយ៉ាន់ម៉ា ចាប់ខ្លួន ក្រោយសង្ស័យថាស្ត្រីរូបនេះមានជាប់ពាក់ព័ន្ធការស្លាប់របស់មន្ត្រីទូតអាម៉េរិកម្នាក់ ក្នុងទីក្រុងរ៉ង់ហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា។នេះបើយោងតាមការប្រកាសពីមន្ត្រីទូតអាម៉េរិកម្នាក់ថ្លែងប្រាប់សារព័ត៌មានចិន South China Morning Post។
យោងតាមប្រភព បានរាយការណ៍ថា មន្ត្រីការទូតអាម៉េរិកម្នាក់ បម្រើការងារនៅស្ថានទូតប្រចាំទីក្រុងរ៉ង់ហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា (ភូមា) ត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិត។ ទន្ទឹមនឹងនេះ យោងតាមប្រភពពីមន្ត្រីការទូតចំនួន ៣ រូប ប្រចាំទីក្រុងរ៉ង់ហ្គូន បានទម្លាយឱ្យដឹងថា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ សង្ស័យថាមានការពាក់ព័ន្ធនឹងករណីនេះ។
បើតាម South China Morning Post ក្រសួងការបរទេសអាម៉េរិក មិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែម ជុំវិញមូលហេតុ ឬកាលៈទេសៈនៃការស្លាប់របស់មន្ត្រីរូបនោះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា នេះជាការគោរពចំពោះភាពឯកជនរបស់ក្រុមគ្រួសារជនរងគ្រោះ។
តែយ៉ាងណា តាមប្រភពមិនបញ្ចេញឈ្មោះពីមជ្ឈដ្ឋានមន្ត្រីការទូត នៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្ហើបឱ្យដឹងថា កម្លាំងសមត្ថកិច្ចមីយ៉ាន់ម៉ា កំពុងចាត់ទុកករណីនេះថាជា «អំពើមនុស្សឃាត»។សាកសពរបស់មន្ត្រីការទូតរូបនេះ ត្រូវបានគេរកឃើញកាលពីពីរសប្តាហ៍មុន នៅឯសណ្ឋាគារលំដាប់ជាន់ខ្ពស់មួយ (Sakura Residence & Hotel) មានចម្ងាយប្រមាណ ១,៥ គីឡូម៉ែត្រពីស្ថានទូតអាម៉េរិក។ទីតាំងនេះ គឺកន្លែងពេញនិយមខ្លាំងសម្រាប់មន្ត្រីការទូត បុគ្គលិកក្រុមហ៊ុន និង ភ្ញៀវអន្តរជាតិ។
រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចមីយ៉ាន់ម៉ា មិនទាន់បានចេញមុខធ្វើអត្ថាធិប្បាយជាសាធារណៈជុំវិញករណីនេះនៅឡើយទេ ខណៈក្រសួងការបរទេសថៃ បានត្រឹមតែបញ្ជាក់ថា ខ្លួនបានផ្តល់ជំនួយផ្នែកកុងស៊ុលដល់ស្ត្រីជនជាតិថៃដែលកំពុងជាប់ឃុំ និង បានជូនដំណឹងទៅក្រុមគ្រួសាររបស់នាងរួចរាល់ហើយ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕