Img 1426
Swift cc time

FBI អាម៉េរិក ប្ដេជ្ញាតាមប្រមាញ់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក Andrew Bailey អនុប្រធានរងនៃការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI)

បាងកក៖ នៅក្នុងសន្និសីទសារព័ត៌មានឌីជីថលមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាម៉េរិក លោក Andrew Bailey អនុប្រធានរងនៃការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងរីករាលដាល និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Andrew Bailey បានគូសបញ្ជាក់ពីការគំរាមកំហែងសន្តិសុខធំៗចំនួន ៣ ដែល FBI កំពុងផ្តោតបង្ក្រាប រួមមានមជ្ឈមណ្ឌលឆបោកអនឡាញខ្នាតឧស្សាហកម្ម (Scam Compounds) អំពើជ្រុលនិយមហិង្សា (NVEs) និងការជួញដូរគ្រឿងញៀនឆ្លងដែន ជាពិសេសសារធាតុហ្វេនតានីល (Fentanyl)។

លោកបានសង្កត់ធ្ងន់ថា FBI នឹងប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍សម្ងាត់កម្រិតខ្ពស់ ដើម្បីតាមប្រមាញ់ «មេខ្លោងធំៗ» និងកម្ទេចប្រព័ន្ធអេកូឡូស៊ីឧក្រិដ្ឋកម្មទាំងមូល តាំងពីអ្នកបង្កើតកម្មវិធីបោកប្រាស់ រហូតដល់បណ្តាញលាងលុយកខ្វក់ ជាជាងការដេញបង្ក្រាបប្រតិបត្តិការតូចតាច លក្ខណៈ «ដេញវាយកណ្តុរ» (Whack-a-mole)។ លោកពន្យល់ថា ទីភ្នាក់ងាររបស់លោកនឹងមិនត្រឹមតែផ្តោតលើការបង្ក្រាបប្រតិបត្តិការតូចតាចនៅនឹងកន្លែងនោះទេ ប៉ុន្តែនឹងប្រើប្រាស់ប្រព័ន្ធស៊ើបការណ៍សម្ងាត់កម្រិតខ្ពស់ ដើម្បីតាមប្រមាញ់ «មេខ្លោងធំៗ» ដែលនៅពីក្រោយខ្នងនៃបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

លោក Andrew Bailey ក៏បានផ្ញើសារព្រមានចំៗទៅកាន់ក្រុមឧក្រិដ្ឋជនអន្តរជាតិថា៖ «យើងនឹងតាមប្រមាញ់អ្នក ហើយព្រំដែនភូមិសាស្ត្រនឹងមិនអាចការពារក្រុមឧក្រិដ្ឋជន ដែលប៉ុនប៉ងបំផ្លាញពលរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានឡើយ»។ លោកបានបន្ថែមថា ភ្នាក់ងារ FBI ស្គាល់បណ្តាញឆបោកទាំងនោះច្បាស់ ទាំងទីតាំងឈរជើង និងទម្រង់ប្រតិបត្តិការខុសច្បាប់របស់ពួកគេ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាម៉េរិកបានបង្ហាញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងតំបន់ រួមមានការសហការជាមួយសមត្ថកិច្ចថៃ បង្ក្រាបនិងរឹបអូសប្រាក់គ្រីបតូ ៣០ លានដុល្លារពីទីតាំងឆបោក Tai Chang ក្នុងប្រទេសភូមា ការសហការជាមួយគណៈកម្មាការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធអនឡាញ (CCOS) របស់កម្ពុជា ដើម្បីចូលពិនិត្យទីតាំងរឹបអូសនិងប្រមូលភស្តុតាង ការចែករំលែកព័ត៌មានសម្ងាត់សង្គ្រោះកុមារ ២១ នាក់នៅហ្វីលីពីន និងការចូលរួមក្នុងប្រតិបត្តិការ FRONTIER+ នៅសិង្ហបុរី ដើម្បីទប់ស្កាត់លំហូរហិរញ្ញវត្ថុខុសច្បាប់។

ជាចុងក្រោយ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន លោក Bailey បានទម្លាយថា ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ FBI បានរឹបអូសសារធាតុហ្វេនតានីលរហូតដល់ ២,២៥០ គីឡូក្រាម ដែលអាចសម្លាប់ប្រជាជនអាម៉េរិកបានជាង ១៧៨ លាននាក់ (លើសពីពាក់កណ្តាលនៃប្រជាជនសរុប) ហើយ FBI កំពុងសហការជាមួយដៃគូអាស៊ីដើម្បីកម្ទេចសារធាតុគីមីផ្សំ (Precursor Chemicals) នៅតាមមន្ទីរពិសោធន៍ខុសច្បាប់។លោកវាយតម្លៃថា ភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និងអាស៊ីអាគ្នេយ៍គឺ «រឹងមាំដូចដែកថែប» ក្នុងការនាំខ្លួនមេខ្លោងធំៗមកកាត់ទោស ដើម្បីការពារជនរងគ្រោះ និងលុបបំបាត់អំពើជួញដូរមនុស្សក្នុងតំបន់ឱ្យមានប្រសិទ្ធភាពបំផុត៕

Khcct banner

អត្ថបទទាក់ទង