ភ្នំពេញ៖ កម្មវិធីផ្លាស់ប្តូរការសិក្សា និងស្នាក់នៅជាមួយគ្រួសារម្ចាស់ផ្ទះ EACAT Homestay Program បានប្រកាសបើកទទួលពាក្យជាផ្លូវការ ដើម្បីជ្រើសរើសសិស្សវិទ្យាល័យឆ្នើមៗទៅចូលរួមកម្មវិធីស្នាក់នៅ និងសិក្សាឈ្វេងយល់ពីវប្បធម៌រយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។
យោងតាមគេហទំព័រ Japan Alumni of Cambodia កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនកម្ពុជា ស្វែងយល់ផ្ទាល់ពីវប្បធម៌ សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ មិនតែប៉ុណ្ណោះ វាក៏ជាស្ពានក្នុងការកសាងទស្សនវិស័យជាសកល ជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងពង្រឹងសមត្ថភាពដឹកនាំសម្រាប់អនាគតផងដែរ ។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវតែជាសិស្សវិទ្យាល័យដែលមានសញ្ជាតិខ្មែរ និងជាពិសេសត្រូវតែជាអ្នកដែលមិនធ្លាប់មានបទពិសោធន៍ធ្វើដំណើរទៅក្រៅប្រទេសពីមុនមកទាល់តែសោះ។
សម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យតាមរយៈដំណាក់កាលចំនួនបី។ ជាដំបូង បេក្ខជនត្រូវចូលទៅបំពេញ និងផ្ញើទម្រង់ដំបូងតាមរយៈតំណភ្ជាប់ https://forms.gle/goHruDE2ofkS1WbKA ដោយតម្រូវឱ្យមានការចូលគណនី Gmail។ បន្ទាប់មក សូមធ្វើការពិនិត្យប្រអប់សារ Gmail ដើម្បីទទួលទម្រង់ពាក្យ (Application Form) ហើយជំហានចុងក្រោយ គឺត្រូវបំពេញព័ត៌មានលម្អិត រួចដាក់ពាក្យសុំនោះឱ្យបានរួចរាល់មុនកាលបរិច្ឆេទឈប់ទទួលពាក្យ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ ល្ងាច។
ប្រសិនបើមានចម្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម បេក្ខជនអាចធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធ Telegram តែមួយគត់ទៅកាន់លេខទូរស័ព្ទ 068 796 363 (មិនទទួលការខលហៅចូលឡើយ) ដែលមានបម្រើជូនចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៧:០០ យប់៕