ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអំពីវិញ្ញាសានៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងប្រវត្តិវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងផែនដី និងបរិស្ថានវិទ្យា។ ការប្រឡងនឹងប្រព្រឹត្តនៅថ្ងៃទី១០ សីហា ២០២៦។
តាមការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ត្រូវបានកំណត់ដូចជា ជម្រើសវិញ្ញាសាថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងប្រវត្តិវិទ្យា និងសម្រាប់ជម្រើសវិញ្ញាសាថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងផែនដី និងបរិស្ថានវិទ្យា។
គួររម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ សីហា ២០២៦ ពោលគឺនៅសល់ប្រមាណ៦១ថ្ងៃទៀត ហើយលទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នឹងត្រូវប្រឡងមុខវិជ្ជារួមមាន៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា។ ចំណែកឯ ថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្រ្តខ្មែរ៕