ហ្សាកាតា៖ សភាឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា បានអនុម័តការកែទម្រង់ច្បាប់ប៉ូលិសជាតិ ដែលបើកផ្លូវឱ្យមន្ត្រីប៉ូលិសកំពុងបម្រើការងារ (ប៉ូលិសសកម្ម) អាចទៅកាន់តំណែងក្នុងស្ថាប័នរដ្ឋ ឬក្រសួងនានានៃរដ្ឋាភិបាលស៊ីវិលបាន ដោយមិនចាំបាច់លាលែងពីក្របខណ្ឌឡើយ។ លក្ខខណ្ឌនេះត្រូវបានអនុញ្ញាត ដរាបណាតួនាទីទាំងនោះមានការទាក់ទងនឹងជំនាញ សន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ ឬធ្វើឡើងតាមការស្នើសុំផ្ទាល់ពីប្រធានាធិបតី។
យោងតាមការចេញផ្សាយរបស់កាសែតCNA ការផ្លាស់ប្តូរគតិយុត្តនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស និងអ្នកច្បាប់ ដោយសារវាផ្ទុយនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីឆ្នាំមុន ដែលតម្រូវឱ្យមន្ត្រីសន្តិសុខលាលែងពីតំណែងមុននឹងទៅទទួលការងារស៊ីវិល។
លោក ហេរីល ហាលីម (Haeril Halim) មកពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រចាំឥណ្ឌូនេស៊ី បានលើកឡើងថា នេះជា «សញ្ញានៃរបបផ្តាច់ការ ដែលកងកម្លាំងការពារជាតិ និងសន្តិសុខត្រូវបានយកមកប្រើប្រាស់ដើម្បីកងខ្នងអ្នកកាន់អំណាច»។
ក្រុមអ្នកច្បាប់ក៏បានព្រមានដែរថា ការដាក់បញ្ចូលប៉ូលិសសកម្មទៅក្នុងក្រសួងស៊ីវិល គឺជារឿងផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលវានឹងបំផ្លាញលក្ខណៈវិជ្ជាជីវៈរបស់ប៉ូលិស ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធគុណាធិបតេយ្យ (Merit system) និងរំខានដល់ឱកាសឡើងឋានន្តរសក្តិរបស់មន្ត្រីរាជការស៊ីវិលទូទៅផងដែរ។
ការកែប្រែច្បាប់នេះ ធ្វើឡើងបន្ទាប់ពីការកែទម្រង់ច្បាប់យោធាកាលពីឆ្នាំមុន ខណៈប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ កំពុងពង្រីកឥទ្ធិពលកងកម្លាំងប្រដាប់អាវុធក្នុងកិច្ចការស៊ីវិល រួមទាំងកម្មវិធីស្បៀងអាហារជាតិ និងកម្មវិធីផ្តល់អាហារឥតគិតថ្លៃ។ គួររំលឹកថា កាលពីថ្ងៃទី២ ខែមិថុនា លោក ប្រាបូវ៉ូ ទើបតែបានដកតំណែង និងចាប់ខ្លួនប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ លោក ដាដាន់ ហ៊ីនដាយ៉ាណា (Dadan Hindayana) រួមទាំងអនុប្រធានពីររូបទៀត ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងករណីពុលអាហារទ្រង់ទ្រាយធំ ដែលបានប៉ះពាល់ដល់កុមារជាង ៣៣,០០០ នាក់៕