Img 1426
Swift cc time

សម្ដេច ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៩ មិថុនា អនុញ្ញាតឱ្យលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅរដ្ឋធានីហាណូយ នៅថ្ងៃទី៨-៩ ខែមិថុនា។

ជំនួបនេះ លោកលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានជម្រាបជូនសម្ដេច អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សាការងាររវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជននៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នាពេលថ្មីៗនេះ ដែលក្រុមយុវជននៃប្រទេសទាំងពីរបានឯកភាពរួមគ្នារៀបចំព្រឹត្តិការណ៍ និងសកម្មភាពនានាឱ្យបានអធិកអធម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។

សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សា និងការបន្តស្វែងយល់ពីគ្នាទៅវិញទៅមករវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជននៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។ សម្ដេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម។

លើសពីនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យយុវជនកម្ពុជា-វៀតណាម ក៏ដូចជាយុវជនកម្ពុជា-ឡាវ-វៀតណាម បង្កើតយន្តការជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានទៀងទាត់ ជាពិសេសឱ្យបានរៀងរាល់ឆ្នាំ ដើម្បីរក្សាសាមគ្គីភាព មិត្តភាព និងបន្តពូនជ្រំប្រពៃណីនៃការភ្ជាប់ទំនាក់ទំនងល្អប្រសើរ ដែលបន្សល់ទុកតាំងពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង