បន្ទាយមានជ័យ៖ ពលរដ្ឋក្នុងតំបន់ជំរំជនភៀសសឹកខេត្តបន្ទាយមានជ័យ ចំនួនជាង៦០០គ្រួសារ បានចុះឈ្មោះជាសមាជិកក្នុងសហគមន៍កសិកម្មទំនើបមាន់ស្រែ ដើម្បីទទួលបានការបណ្តុះបណ្តាលពីការចិញ្ចឹមមាន់ ដែលអាចប្រកបជាអាជីវកម្មចិញ្ចឹម-លក់មាន់នៅថ្ងៃអនាគត។
ក្រសួងកសិកម្ម បានរៀបចំគម្រោងសហគមន៍កសិកម្មទំនើបមាន់ស្រែ ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ដោយបច្ចុប្បន្នមានពលរដ្ឋប្រមាណជាង៦០០គ្រួសារ បានចុះឈ្មោះជាសមាជិក នឹងរំពឹងទុកថា ចំនួននេះនឹងកើនឡើងដល់១០០០ពាន់គ្រួសារ នៅពេលដែលការចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ពលរដ្ឋក្នុងសហគមន៍កសិកម្មទំនើបមាន់ស្រែ នឹងទទួលបានរួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១, ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល, ការគាំទ្រវ៉ាក់សាំងការពារជំងឺ, ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង, ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការធានាទិញយកវិញពេលប្រមូលផលក្នុងតម្លៃសមរម្យ៕