Img 1426
Swift cc time

អ្នកស្លាប់កើនដល់ ៣៧នាក់ និងរបួសជាង ៥០០នាក់ ពីគ្រោះរញ្ជួយដីកម្រិត ៧.៩ រិចទ័រ នៅហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ យោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យការពារជនស៊ីវិលហ្វីលីពីន កាលពីថ្ងៃអង្គារបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៩ រិចទ័រ ដែលបានវាយប្រហារតំបន់កោះហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ បានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតកើនឡើងដល់ ៣៧ នាក់ និងរងរបួសប្រហែល ៥០០ នាក់។ ក្នុងនោះ ទីក្រុង General Santos ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន គឺជាតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+។

ផ្អែកតាមការវាយតម្លៃបឋមរបស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បានបង្ហាញថា ទីក្រុងកំពង់ផែ General Santos ដែលមានប្រជាជនរស់នៅជាង ៧០០,០០០ នាក់នេះ គឺជាចំណុចកណ្តាលដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្សចំនួន ១៣ នាក់នៅក្នុងទីក្រុងផ្ទាល់ ខណៈ ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

គិតមកទល់ពេលនេះ យ៉ាងហោចណាស់មានអគារចំនួន ៦៦ ខ្នងបានរងការខូចខាត និងប៉ះពាល់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋជាង ១,៨០០ គ្រួសារ។ ក្រសួងសាធារណការ និងផ្លូវលំហ្វីលីពីន បានវាយតម្លៃថា ទំហំខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង General Santos បានកើនឡើងដល់ ១ ប៊ីលីយែនប៉េសូ (ឬប្រហែល ១៦.២ លានដុល្លារអាម៉េរិក)។

ក្នុងកិច្ចអន្តរាគមន៍បន្ទាន់ ក្រុមប្រតិបត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្ម។ កងឆ្មាំសមុទ្រហ្វីលីពីន រួមជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យ បានដាក់ពង្រាយកម្លាំងអន្តរាគមន៍ ព្រមទាំងប្រើប្រាស់សុនខហិតក្លិនជំនាញៗជាច្រើនក្បាល ដើម្បីជួយជម្រុញដល់កិច្ចការរុករកអ្នកដែលកំពុងបាត់ខ្លួនឱ្យបានទាន់ពេលវេលា៕

Khcct banner

អត្ថបទទាក់ទង