Img 1426
Swift cc time

អ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍ យកវេទិកាអន្តរជាតិ ថ្លែងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ ចិន-អាស៊ាន រួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សិនយ៉ាង៖ វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ឆ្នាំ២០២៦ បានប្រារព្ធឡើងនៅទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន តំណាងសារព័ត៌មានកម្ពុជាស៊ីស៊ីថាមស៍ បានអំពាវនាវឱ្យមានការបង្កើតវេទិការរួមគ្នា និងយន្តការសម្របសម្រួលរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

លោក កូ រដ្ឋា អនុប្រធានព័ត៌មានអន្តរជាតិនៅស៊ីស៊ីថាមស៍ភាសាខ្មែរ បានថ្លែងនៅក្នុងវេទិកានេះថា ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព័ត៌មានមិនពិត វីដេអូបោកប្រាស់ និងខ្លឹមសារបំភាន់ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងដល់ការយល់ឃើញរបស់សាធារណជន និងបង្កបញ្ហាប្រឈមដល់ទំនុកចិត្តក្នុងតំបន់ និងទំនាក់ទំនងអាស៊ាន-ចិន។

លោកបានបន្តថា ប្រព័ន្ធផ្សព្វផ្សាយចិន និងអាស៊ានអាចបង្កើតយន្តការទំនាក់ទំនងដោយផ្ទាល់ ដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មានអាស៊ាន និងចិន អាចទាក់ទងគ្នាដោយផ្ទាល់ដើម្បីផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងធ្វើការចុះផ្សាយ ជាពិសេសលើបញ្ហាងាយរងគ្រោះ ឬព័ត៌មានវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

លោក កូ រដ្ឋា បានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់មិនត្រឹមតែជួយកាត់បន្ថយការរីករាលដាលនៃព័ត៌មានមិនពិតប៉ុណ្ណោះទេ ថែមទាំងបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់នៃការរាយការណ៍ព័ត៌មានផងដែរ។

លោក កូ រដ្ឋា ក៏បានស្នើផងដែរថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសផ្សេងៗគួរតែលើកកម្ពស់ការបង្កើត "មូលដ្ឋានទិន្នន័យព័ត៌មានក្លែងក្លាយ" និងចែករំលែកករណីព័ត៌មានមិនពិតដែលបានកំណត់អត្តសញ្ញាណ ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតឆ្លងកាត់ព្រំដែន។

នៅកម្រិតបច្ចេកទេស លោកបានអំពាវនាវឱ្យប្រទេសចិន និងអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល រួមទាំងការចែករំលែកបទពិសោធន៍បច្ចេកទេសក្នុងការកំណត់អត្តសញ្ញាណរូបភាពក្លែងក្លាយ វីដេអូក្លែងក្លាយ និងខ្លឹមសារក្លែងក្លាយ ដើម្បីបង្កើនសមត្ថភាពរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតតាមអ៊ីនធឺណិត។

លើសពីនេះ លោកបានណែនាំឱ្យបន្តពង្រីកការផ្លាស់ប្តូរអ្នកសារព័ត៌មាន និងកម្មវិធីបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកអំពីបរិបទសង្គម វប្បធម៌ និងនយោបាយ ដែលជាគ្រឹះក្នុងការសរសេរព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងស៊ីជម្រៅ។

សូមជម្រាបថា វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅទីក្រុងសិនយ៉ាង នៅថ្ងៃទី៨ ខែមិថុនា ដែលមានការចូលរួមពីតំណាងមកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយ វេទិកាព័ត៌មាន និងនាយកដ្ឋានពាក់ព័ន្ធមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងការអភិវឌ្ឍទំនាក់ទំនងក្នុងតំបន់ក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត៕


Khcct banner

អត្ថបទទាក់ទង