ហ្វីលីពីន៖ ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន សហព័ន្ធសមាគមហ្វីលីពីន-ចិន និង មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី កាលពីថ្ងៃទី ៧ មិថុនា បានរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហ្វីលីពីន ព្រមទាំងទិវាមិត្តភាពចិន-ហ្វីលីពីន។ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្រោមប្រធានបទ៖ «អ្នកជិតខាងតាមភ្នំ និងសមុទ្រ ធ្វើដំណើររួមគ្នា» ដោយភ្ជាប់ជាមួយកម្មវិធីផ្លាស់ប្តូរវប្បធម៌ចិន-ហ្វីលីពីនលើកទី១៨។
ក្នុងព្រឹត្តិការណ៍នេះប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូន័រ បានផ្ញើសារអបអរសាទរ និងមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីន លោក ជីង ក្វាន ប្រធានសហព័ន្ធសមាគមហ្វីលីពីន-ចិន លោក ចាវ ឈីពីង អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និង អនុប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ីលោក លីវ រីហ្គាង បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា។
បន្ថែមពីនេះ មានអ្នកតំណាងជិត ៤,០០០នាក់ មកពីវិស័យនយោបាយ វប្បធម៌ និងអប់រំរបស់ចិន និងហ្វីលីពីន រួមទាំងជនជាតិចិននៅក្រៅប្រទេស និស្សិត និង ប្រជាពលរដ្ឋក្នុងតំបន់ និងពិភាក្សាអំពីការពង្រឹងការផ្លាស់ប្តូរប្រជាជន និង កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។
ក្នុងកម្មវិធី ក៏មានការតាំងបង្ហាញអំពីបេតិកភណ្ឌវប្បធម៌អរូបី និង ផលិតផលបច្ចេកវិទ្យា AI មកពីខេត្តក្វាងស៊ី របស់ប្រទេសចិន។ បន្ទាប់មក មានការសម្តែងសិល្បៈវប្បធម៌រួមគ្នាដោយសិល្បករចិន និងហ្វីលីពីន បានបង្ហាញពីមិត្តភាព និងការយល់ចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរ៕