ភ្នំពេញ៖ ក្រុមយុវតីកម្ពុជា៣ក្រុម ត្រូវបានជ្រើសរើសជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោក ក្នុងកម្មវីធី Technovations Global 2026 ក្នុងចំណោមអ្នកចូលរួមរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក។ប្រសិនបើ យុវជនក្រុមនេះអាចឆ្លងផុតវគ្គជម្រុះនេះបន្តទៀត ក្រុមយុវតីនឹងតំណាងកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុង Bengaluru នៅប្រទេសឥណ្ឌា ដើម្បីឡើងធ្វើបទបង្ហាញផ្ទាល់នៅលើឆាកអន្តរជាតិនៃកម្មវិធី Technovation World Summit 2026។
យោងតាមគេហទំព័រផ្លូវការនៃ Technovation Cambodia បានឱ្យដឹងថា ក្រុមទាំងបីត្រូវបានវាយតម្លៃដោយគណៈកម្មការអន្តរជាតិ បែងចែកជាបីកម្រិត រួមមាន កម្រិតបឋមសិក្សា កម្រិតអនុវិទ្យាល័យ កម្រិតវិទ្យាល័យ។ យុវជន ចំនួន ៣ ក្រុម ជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោក (Global Semifinalists) ក្នុងកម្មវិធីប្រកួតប្រជែង Technovation Girls 2026 ជាសិស្សដែលមកពីសៀមរាប និងភ្នំពេញ។
យុវតីដែលជាប់កម្រិតបឋមសិក្សា (Beginner Division) គឺ ក្រុម ក្រុម "Logic_Looper" មកពី រាជធានីភ្នំពេញ ដែលបានបង្កើតកម្មវិធី "CardiPop" ជាហ្គេមកាតឌីជីថលបែបអន្តរកម្មសម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៦ ដែលកែប្រែការរំលឹកមេរៀនបែបប្រពៃណី ឱ្យទៅជាបទពិសោធន៍សិក្សាជាក្រុមប្រកបដោយភាពរីករាយ និងកិច្ចសហការ។ តាមរយៈការលេងកម្សាន្ត សិស្សនឹងត្រូវឆ្លើយនូវសំណួរទាក់ទងនឹងមេរៀន ភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលជួយកសាងទំនុកចិត្ត ជំនាញទំនាក់ទំនង និងបណ្ដុះស្មារតីស្រឡាញ់ការរៀនសូត្រ។
ចំណែកឯ យុវតីដែលជាប់តំណាងកម្ពុជាក្នុងកម្រិតអនុវិទ្យាល័យ (Junior Division) គឺក្រុម "Kesararam with Digital" មកពី ខេត្តសៀមរាប ដែលបានបង្កើតកម្មវិធី "The Way of Safety" ជាគេហទំព័រទ្វេភាសា (ខ្មែរ-អង់គ្លេស) ដោយឥតគិតថ្លៃ ដែលជួយរៀបចំសិស្សានុសិស្សក្នុងការប្រឡងទ្រឹស្ដីបើកបរថ្នាក់ជាតិ ព្រមទាំងលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងរយៈពេលវែង។ វេទិកានេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Next.js, Tailwind CSS និង Neon DB ដោយមានរួមបញ្ចូលនូវមេរៀនសិក្សាមានរចនាសម្ព័ន្ធច្បាស់លាស់ ប្រព័ន្ធជំនួយការស្វ័យប្រវត្តិតាមរយៈ Suar AI និងកម្មវិធីប្រកួតប្រជែងសំណួរ-ចម្លើយដែលដឹកនាំដោយគ្រូបង្រៀន។
បើតាម Technovation Cambodia យុវតីដែលជាប់តំណាងកម្ពុជាក្នុងកម្រិតវិទ្យាល័យ (Senior Division) គឺក្រុម "Impact Nexus" មកពី រាជធានីភ្នំពេញ បង្កើតកម្មវិធី "PiggyPal" ជាកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុដែលងាយស្រួលយល់សម្រាប់កុមារ ក្នុងគោលបំណងជួយឱ្យពួកគេកសាងទម្លាប់សន្សំប្រាក់តាំងពីវ័យក្មេង។ កុមារអាចកត់ត្រាការចំណាយ បែងចែករវាងអ្វីដែលចាំបាច់ និងអ្វីដែលគ្រាន់តែជាចំណង់ចំណូលចិត្ត កំណត់គោលដៅនៃការសន្សំ និងទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗ ខណៈពេលដែលមាតាបិតាអាចចូលរួមចំណែកយ៉ាងសកម្មក្នុងការណែនាំ និងតម្រង់ទិសដៅហិរញ្ញវត្ថុរបស់បុត្រធីតា។
Technovation Cambodia ចាត់ទុកថាសមិទ្ធផលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាព ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យុវតី ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដើម្បីសង្គម៕