Img 1426
Swift cc time

ក្រុមខ្មាន់កាំភ្លើង បំផ្ទុះគ្រាប់បែកនៅរោងចក្រអគ្គិសនីមួយកន្លែង ក្នុងខេត្តប៉ាតានី ភាគខាងត្បូងថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
 

ប៉ាតានី៖ ក្រុមខ្មាន់កាំភ្លើងមានអាវុធជាប់ខ្លួន និងបិទបាំងមុខជិតជាង ១០នាក់ កាលពីពាក់កណ្ដាលយប់ឈានចូលថ្ងៃអង្គារនេះ បានសម្រុកចូលវាយប្រហាររោងចក្រអគ្គិសនីជីវម៉ាស (Biomass Power Plant) មួយកន្លែង ស្ថិតក្នុងស្រុកណងជីក (Nong Chik) ខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ក្រុមជនសង្ស័យបានលួចឆ្លងរបងពីផ្នែកខាងក្រោយ រួចប្រើប្រាស់អាវុធគំរាមកំហែងបង្ខំឱ្យបុគ្គលិក និងឆ្មាំសន្តិសុខទាំងអស់ចាកចេញទៅក្រៅ រួចក៏បានដំឡើងឧបករណ៍បំផ្ទុះ និងបង្កឱ្យមានការផ្ទុះឡើងចំនួន ៣លើកតបន្តបន្ទាប់គ្នា បណ្តាលឱ្យខូចខាតប្រព័ន្ធចែកចាយថាមពល ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។

  ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធថៃ បានចុះអន្តរាគមន៍គ្រប់គ្រងស្ថានការណ៍ និងប្រកាសបិទផ្លូវជាតិជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពជាសាធារណៈ។

បច្ចុប្បន្ន អាជ្ញាធរថៃកំពុងបន្តការស្រាវជ្រាវ ប្រមូលភស្តុតាង និងដាក់ពង្រាយកម្លាំងបិទខ្ទប់តំបន់ជុំវិញ ដើម្បីតាមប្រមាញ់ក្រុមខ្មាន់កាំភ្លើងដែលបានរត់គេចខ្លួនចូលទៅក្នុងព្រៃ ខណៈដែលការស៊ើបអង្កេតកំពុងប្រព្រឹត្តិទៅដើម្បីកំណត់អត្តសញ្ញាណ និងស្វែងរកមូលហេតុពិតប្រាកដនៃការវាយប្រហារនេះ៕

Khcct banner

អត្ថបទទាក់ទង