Img 1426
Swift cc time

ថៃ រកឃើញ «រោងចក្រផលិតប៉ាតេ-ប្រហិតខុសច្បាប់»ខ្នាតធំមួយកន្លែង ក្នុងខេត្តមួយរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
 

ថៃ៖ អគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសអ្នកប្រើប្រាស់ (CPPD) សហការជាមួយការិយាល័យគណៈកម្មាធិការអាហារ និងឱសថ (FDA) ថៃ បានបើកប្រតិបត្តិការចុះឆែកឆេរ និងបង្ក្រាបរោងចក្រកែច្នៃសាច់ខុសច្បាប់មួយកន្លែង ស្ថិតក្នុងស្រុកឡាំលូកកា (Lam Luk Ka) ខេត្តប៉ាធុមថានី (Pathum Thani) ក្រោយទទួលបានសេចក្តីរាយការណ៍ថា ទីតាំងនេះបានផលិត និងចែកចាយប៉ាតេជ្រូក សាច់មាន់ និងប្រហិតគ្រប់ប្រភេទដោយគ្មាន​ការអនុញ្ញាតត្រឹមត្រូវ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចថៃបានដកហូតផលិតផលខុសច្បាប់ជាង ១០,០០០កញ្ចប់ ដែលមានស្លាកយីហោជាង ២០ម៉ាក ខ្លះគ្មានលេខចុះបញ្ជី FDA ខ្លះប្រើលេខក្លែងបន្លំ និងខ្លះប្រើលេខដែលត្រូវបានលុបចោល រួមទាំងគ្រឿងចក្រ និងវត្ថុធាតុដើមសរុបជាទឹកប្រាក់ជាង ៧លានបាត។

ជាការឆ្លើយតប ម្ចាស់អាជីវកម្មបានសារភាពថា រោងចក្រនេះបានដំណើរការអស់រយៈពេលប្រមាណ ១០ឆ្នាំមកហើយ ដោយធ្លាប់មានអាជ្ញាបណ្ណត្រឹមត្រូវ ប៉ុន្តែបានផុតកំណត់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយមិនបានដំឡើងសារជាថ្មី ព្រមទាំងខកខានមិនបានអនុវត្តតាមស្តង់ដារអនាម័យចំណីអាហារនោះទេ។

ម្ចាស់អាជីវកម្មបន្ថែមថា រោងចក្រនេះអាចផលិតប្រមាណ ៣០តោនក្នុងមួយខែ និងអាចរកចំណូលបានប្រហែល ៣លានបាតក្នុងមួយខែៗ តាមរយៈការចែកចាយទៅកាន់តំណាងលក់ទូទាំងប្រទេស។

ជាចុងក្រោយ អាជ្ញាធរថៃបានប្រមូលសំណាកគំរូសាច់ទាំងនោះទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ សារធាតុរក្សាទុកបានយូរហួសកម្រិត ឬមេរោគបង្កជំងឺផ្សេងៗ ដែលអាចឈានទៅដល់ការចោទប្រកាន់បន្ថែមទៀត។

Khcct banner

អត្ថបទទាក់ទង