ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវរបៀបវារៈយុទ្ធសាស្ត្របន្ទាន់មួយ ក្នុងការជំរុញវិស័យបច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លា ដោយចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះជាកាតព្វកិច្ចចម្បង និងសំខាន់បំផុត ដើម្បីធានាដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងជំហរជាតិលើឆាកអន្តរជាតិ។ បច្ចេកវិទ្យាសំខាន់ទាំងនេះ មិនត្រឹមតែជួយផ្ដល់អំណាចឯករាជ្យភាពដល់វៀតណាម និងសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួនាទីសំខាន់ក្នុងការធានាការពារជាតិ សន្តិសុខ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមវៀតណាមទាំងមូល។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Vietnam Plus បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះកំពុងទាក់ទាញការចូលរួមយ៉ាងសកម្មពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍អាជីវកម្ម ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសង្គមជាតិទាំងមូល។ ក្នុងនោះ បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST) បានដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយស្ថាប័នដៃគូទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវ និងបង្កើតនវានុវត្តន៍ជាច្រើន ដែលឆ្លើយតបចំៗទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ។
សាស្ត្រាចារ្យបណ្ឌិត Tran Hong Thai ប្រធានស្ថាប័ន VAST បានគូសបញ្ជាក់ថា ថ្មីៗនេះ ស្ថាប័នរបស់លោកបានសម្រិតសម្រាំងនូវកញ្ចប់បច្ចេកវិទ្យាចំនួន ១១២ ប្រភេទ ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទេរចំណេះដឹង និងយកទៅអនុវត្តផ្ទាល់ក្នុងចង្វាក់ផលិតកម្ម។ កញ្ចប់បច្ចេកវិទ្យាទាំងនោះ រួមមានការរួមបញ្ចូលគ្នារវាង បញ្ញាសិប្បនិម្មិត (AI), អ៊ីនធឺណិតនៃវត្ថុ (IoT) និងប្រព័ន្ធរ៉ូបូត ដើម្បីគ្រប់គ្រងថាមពល និងឧស្សាហកម្ម ព្រមទាំងបច្ចេកវិទ្យាស្នូលឌីជីថល (Low-code) និងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាពូជស្រូវកែច្នៃហ្សែនជាដើម។
ការបោះជំហានយ៉ាងគំហុកក្នុងរបត់បច្ចេកវិទ្យានេះ ត្រូវបានគេមើលឃើញថា ជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជួយឱ្យវៀតណាមសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលយ៉ាងពិតប្រាកដ បង្កើតសន្ទុះកំណើនសេដ្ឋកិច្ចថ្មីមួយ និងពង្រឹងសមត្ថភាពខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសមហាអំណាចបច្ចេកវិទ្យានៅលើពិភពលោក៕