Img 1426
Swift cc time

ចិនបង្ហាញបច្ចេកវិទ្យា ភាពយន្ត VR ជំនាន់ថ្មី នាំអ្នកទស្សនាចូលពិសោធក្នុងសាច់រឿងពិតៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អ៊ូស៊ី៖ រោងភាពយន្តនិម្មិតបែបពន្លឺ និង ស្រមោល (Light and Shadow Virtual Cinema) ថ្មីស្រឡាងមួយ បានបើកទ្វារស្វាគមន៍ទស្សនិកជនហើយ នៅឯសួនឧស្សាហកម្មភាពយន្តឌីជីថលជាតិ ស្ថិតក្នុងទីក្រុងអ៊ូស៊ី (Wuxi) ខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន។ ការដាក់ឱ្យដំណើរការបច្ចេកវិទ្យាដ៏ទំនើបនេះ គឺដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាអាចផ្លាស់ប្តូរពីការត្រឹមតែអង្គុយមើលភាពយន្តបែបប្រពៃណី មកជាការចូលរួមបទពិសោធន៍ និងមានសកម្មភាពផ្ទាល់នៅក្នុងសាច់រឿងតែម្តង។

រោងភាពយន្តបែបតថភាពនិម្មិត (VR) ដ៏ធំទូលាយនេះ ត្រូវបានបែងចែកលំហទស្សនាជាពីរផ្នែក គឺតំបន់អង្គុយ និងតំបន់ដើរ ទស្សនិកជនអាចជ្រើសរើសខ្សែភាពយន្តដែលខ្លួនពេញចិត្តចេញពីបញ្ជីទស្សនីយភាពតាមប្រព័ន្ធអេឡិចត្រូនិក។

បទពិសោធន៍ដ៏ប្លែកអារម្មណ៍នេះ មានរយៈពេលទស្សនាពី ៣០ ទៅ ៤៥ នាទី អនុញ្ញាតឱ្យអ្នកទស្សនាអាចដើរកាត់ទីធ្លាដ៏ធំទូលាយ ឬសូម្បីតែបង្កើតជាក្រុមជាមួយមិត្តភក្តិ ដើម្បីបង្កើនការឆ្លើយឆ្លងផ្ដល់អន្តរកម្មកាន់តែជក់ចិត្ត ព្រោះបច្ចេកវិទ្យា VR នេះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា កំពុងស្ថិតនៅក្នុងខ្សែភាពយន្តនោះពិតៗគ្រប់មុំនៃរឿង ខុសប្លែកពីការទស្សនាតាមអេក្រង់ធម្មតា។

គំរូអាជីវកម្មថ្មីនេះ គឺជាការរួមបញ្ចូលគ្នារវាង «ភាពយន្ត បូកនឹង អន្តរកម្ម» និង «ភាពយន្ត បូកនឹង ការលេងហ្គេម» កំពុងផ្លាស់ប្តូរទម្រង់នៃការទស្សនាភាពយន្ត ទៅជាការលេងកម្សាន្តជាមួយសាច់រឿងវិញ។

ការផ្លាស់ប្តូរទម្រង់ថ្មីស្រឡាង ក្នុងការទទួលបានបទពិសោធន៍ទស្សនាភាពយន្តប្រភេទ VR នេះ ត្រូវបានគ្រោងនឹងបើកជូនសាធារណជនទូទៅចូលទស្សនាកម្សាន្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦៕’

Khcct banner

អត្ថបទទាក់ទង