ភ្នំពេញ៖ គ្រូឧទ្ទេសជំនាញមកពីទីក្រុងហុងកុង កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានបំប៉នគ្រូបង្គោលកម្ពុជា មកពីសាលាគោលដៅចំនួន ៤០ ក្នុងរាជធានី-ខេត្តទាំង៨ នូវវិធីសាស្ត្របង្រៀនសរសេរកូដ (Coding) តាមរយៈកម្មវិធី Scratch ដែលជាកម្មវិធីយល់ដឹងពីកូដដោយប្រើរូបភាពងាយស្រួលយល់។ ក្រោយបញ្ចប់ការសិក្សា គ្រូបង្គោល និងគណៈគ្រប់គ្រង នឹងបណ្តុះបណ្តាលបន្តជូនដល់គ្រូបង្រៀនដទៃទៀត ដើម្បីយកមេរៀនសរសេរកូដនេះ ទៅបង្រៀនដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៤ ឡើងទៅ ទាំងក្នុងម៉ោងសិក្សានិងក្រៅម៉ោងសិក្សា។
យោងតាមគេហទំព័រក្រសួងអប់រំ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ បានសហការជាមួយមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង និងសមាគមគ្រូបង្រៀនផ្នែកបច្ចេកវិទ្យានៃទីក្រុងហុងកុង បានបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសលើកទី២ ស្ដីពីវិធីសាស្ត្របង្រៀនកម្មវិធី “អប់រំការគិតបែបកុំព្យូទ័រ” (CoolThink@JC) ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្គោលមកពីសាលាគោលដៅចំនួន ៤០ ក្នុងរាជធានី-ខេត្តទាំង៨ ដែលវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
បើតាមក្រសួងអប់រំ ការដាក់បញ្ចូលកម្មវិធី Scratch និងការគិតបែបកុំព្យូទ័រទៅក្នុងកម្រិតបឋមសិក្សានេះ គម្រោង CoolThink@JC កំពុងបង្កើតរបត់ផ្លាស់ប្តូរធំៗចំនួនពីរសម្រាប់ការអភិវឌ្ឍខួរក្បាលរបស់កុមារ៖
១. ប្រែក្លាយពី «អ្នកប្រើប្រាស់» មកជា «អ្នកបង្កើតថ្មី»
នៅក្នុងសម័យកាលនេះ កុមារតូចៗចំណាយពេលច្រើនជាមួយបច្ចេកវិទ្យា ប៉ុន្តែពួកគេកម្រយល់ពីរបៀបដែលវាដំណើរការណាស់។ កម្មវិធីសិក្សាថ្មីនេះនឹងផ្លាស់ប្តូរការគិតនោះទាំងស្រុង។ ជំនួសឱ្យការត្រឹមតែលេងហ្គេម ឬមើលវីដេអូ (ធ្វើជាអ្នកប្រើប្រាស់បច្ចេកវិទ្យា) កុមារកម្ពុជានឹងត្រូវបានជួយបើកគំនិតឱ្យក្លាយជា អ្នកបង្កើតបច្ចេកវិទ្យា វិញ។ តាមរយៈការសរសេរកូដដោយខ្លួនឯង ពួកគេអាចបង្កើតហ្គេម គំនូរជីវចល និងសាច់រឿងច្នៃប្រឌិតផ្ទាល់ខ្លួន ដែលនេះជាការដាស់បញ្ញាស្មារតីច្នៃប្រឌិតកម្រិតខ្ពស់។
២. អភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងការគិតត្រិះរិះពិចារណា
ការរៀនសរសេរកូដមិនមែនរៀនតែរឿងកុំព្យូទ័រនោះទេ ប៉ុន្តែវាជាវិធីសាស្ត្រនៃការគិតរៀបចំជីវិត។ ការរៀនកូដដោយប្រើ Block ជួយបង្រៀនកុមារឱ្យចេះវិភាគបញ្ហាប្រឈមនានាជាប្រព័ន្ធ បំបែកបញ្ហាធំៗ ឱ្យទៅជាផ្នែកតូចៗងាយស្រួលដោះស្រាយព្រមទាំងស្វែងរកដំណោះស្រាយប្រកបដោយតក្កវិជ្ជា (ហេតុនិងផល) តាមរយៈការសាកល្បងនិងកែតម្រូវ។
ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សានេះជាផ្លូវការ រួមជាមួយការប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោល គឺជាសញ្ញាណវិជ្ជមាននៃរបត់ថ្មីមួយក្នុងវិស័យអប់រំសាធារណៈនៅកម្ពុជា។ តាមរយៈការបណ្តុះការគិតបែបកុំព្យូទ័រតាំងពីកម្រិតបឋមសិក្សា កម្ពុជានិនមិនត្រឹមតែបង្រៀនកុមារឱ្យចេះប្រើកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែគឺកំពុងបណ្តុះបណ្តាលអ្នកបង្កើតថ្មី អ្នកជំនាញកម្មវិធីកុំព្យូទ័រ (Software Engineers) និងអ្នកដឹកនាំឌីជីថលសម្រាប់ថ្ងៃអនាគត៕