ភ្នំពេញ៖ យុវជនមួយក្រុម មកពីវិទ្យាល័យ៤ផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ បានផ្តួចផ្តើមគម្រោងជជែកដេញដោលសម្រាប់សិស្សវិទ្យាល័យដែលសិក្សានៅគ្រប់វិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ ដោយសារតែមានបំណងបង្កើតវេទិកាបង្ហាញសមត្ថភាព ផ្លាស់ប្តូរទស្សនៈ និងអភិវឌ្ឍសក្តានុពលភាពជាអ្នកដឹកនាំនាពេលអនាគត សម្រាប់សិស្សនៅតាមខេត្ត។ យុវជនទាំង ១៣រូប ជាសិស្សមកពីវិទ្យាល័យផ្សេងគ្នា រួមមានវិទ្យាល័យបញ្ញវន្តអង្គរ វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យអន្តរជាតិក្តីអំណរ និងអនុវិទ្យាល័យAUPP Liger ដែលមានការគាំទ្រពីមន្ទីរអប់រំខេត្តកំពង់ស្ពឺ។
យុវជន លី ហាក់ ជាប្រធាននៃកម្មវិធីប្រកួតជជែកដេញដោលយុវជន ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ក្នុងសង្គមបច្ចុប្បន្នការជជែកដេញដោលមិនមែនត្រឹមតែជាការប្រកួតប្រជែងផ្នែកវោហារកោសល្យប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រមួយដ៏សំខាន់ក្នុងការបណ្តុះការគិតតាមបែបវិភាគ ការស្តាប់យោបល់អ្នកដទៃ និងព្រមទទួលយកនូវទស្សនៈផ្សេងៗផងដែរ។ដូច្នេះ កម្មវិធីនេះនឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់យុវជនក្នុងការអភិវឌ្ឍខ្លួនទាំងផ្នែកចំណេះដឹង ជំនាញ ទំនាក់ទំនង និងភាពជាអ្នកដឹកនាំ។»។
បើតាម ប្រធាននៃកម្មវិធីរូបនេះ បានឱ្យដឹងថា កម្មវីធីជជែកដេញដោលនេះ នឹងរៀបចំឡើងក្រោមមូលបទ «យុវជនជជែកដេញដោល យុវជនពង្រឹងបញ្ញា យុវជនកសាងអនាគត»។ ការប្រកួតនឹងធ្វើឡើងនៅបណ្ណាល័យកំពង់ស្ពឹ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លក្ខខណ្ឌដែលអាចក្លាយជាបេក្ខជននៅក្នុងការប្រកួតនេះ សិស្សត្រូវតែជាសិស្សថ្នាក់ទី ១០ និង ទី១១ ដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ។ ជាពិសេស ត្រូវមានសមាជិកសរុប ៥នាក់ ក្នុង ១ក្រុម ដែលត្រូវចុះឈ្មោះជាមួយសាលារបស់ខ្លួន បន្ទាប់មកសាលានឹងត្រូវបញ្ជូនបញ្ជីឈ្មោះបេក្ខជន លេខទូរស័ព្ទ (តេលេក្រាម )និងរូបថត ៤x៦ចំនួន ០១សន្លឹក មកក្រុមការងារទទួលចុះឈ្មោះតាមការបរិច្ឆេទដែលបានកំណត់ គឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
គោលបំណងសំខាន់គឺដើម្បីបណ្ដុះភាពក្លាហាន ព្រមទាំងលើកកម្ពស់សមត្ថភាពនិយាយជាសាធារណៈ និងការបញ្ចេញមតិរបស់យុវជន។ ទន្ទឹមនឹងនេះ កម្មវិធីក៏ផ្តោតលើការអភិវឌ្ឍជំនាញគិតវិភាគ ដោះស្រាយបញ្ហា បង្កើនទំនុកចិត្ត ភាពជាអ្នកដឹកនាំ និងការងារជាក្រុម តាមរយៈការបង្កើតវេទិកាសម្រាប់ផ្លាស់ប្តូរចំណេះដឹង និងទស្សនៈផ្សេងៗ។ លើសពីនេះ កម្មវិធីនេះនឹងជួយជំរុញវប្បធម៌នៃការសន្ទនាប្រកបដោយការគោរព និងហេតុផល ដើម្បីលើកទឹកចិត្តឱ្យពួកគេចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសហគមន៍យ៉ាងសកម្ម។
លី ហាក់ មានវ័យ១៧ឆ្នាំ មកពីមកពីវិទ្យាល័យបញ្ញវន្តអង្គរ បានបន្តរៀបរាប់ទៀតថា «បេសកកម្មរបស់យើង គឺបង្កើតឱកាសអប់រំដែលងាយស្រួលទទួលបាន និងមានឥទ្ធិពលវិជ្ជមាន សម្រាប់យុវជនខ្មែរ តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែង កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសកម្មភាពអភិវឌ្ឍយុវជននានា ដែលជួយពង្រឹងសមត្ថភាពគិតវិភាគ ជំនាញទំនាក់ទំនង ការងារជាក្រុម និងភាពជឿជាក់លើខ្លួនឯង។យើងផ្តោតជាពិសេសលើការគាំទ្រសិស្សានុសិស្សក្នុងខេត្តកំពង់ស្ពឺ ដែលអាចមានការខ្វះខាតឱកាសក្នុងការចូលរួមសកម្មភាពទាំងនេះ ដោយសារបញ្ហាហិរញ្ញវត្ថុ។ តាមរយៈកម្មវិធីប្រកួតនេះ យើងមានគោលបំណងកសាងសហគមន៍យុវជនដ៏រឹងមាំមួយ ដែលយុវជនត្រូវបានលើកទឹកចិត្តឱ្យយុវជនចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។»។
គួរបញ្ជាក់ថា សិស្ស១៣រូប មកពីវិទ្យាល័យ៤ផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ រួមមាន លី ហាក់, ម៉ង់ សុវណ្ណរតនៈ, ដួង ប៊ុនថន, វុទ្ធធឿន កងបូណ៌ម៉ី, អឿន លីលីន, ភឹម កុសលម៉េងលី, ព្រីង សុបញ្ញា, លី ឆេងឡា, កាង ស៊ុងឡាយ, រៀម រ៉ាដែត, យីវ រ៉ានី, វ៉ិញ រក្សា និង អាំង ធានទី៕