បាងកក៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ បានចេញផ្សាយអត្ថបទ និងវីដេអូ និយាយពីការធ្លាក់ដាំក្បាលចុះនៃ វិស័យទេសចរណ៍របស់ថៃ ដោយសារតែសង្គ្រាម ហើយប៉ះពាល់ដល់វិស័យអាកាសចរណ៍ ហើយភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក។
យោងតាមការចុះផ្សាយរបស់ CCTV+ បានអះអាងថា តម្លៃប្រេងឥន្ធនៈសកលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា បាន វាយប្រហារដល់ វិស័យទេសចរណ៍របស់ប្រទេសថៃ យ៉ាងធ្ងន់ធ្ងរធ្វើឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់ ប៉ះពាល់ដល់ប្រាក់ចំណេញរបស់ប្រតិបត្តិករ។ វិបត្តិនេះ បង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ រួមមាន Thai Airways និង Thai AirAsia លុបចោល និង កាត់បន្ថយជើងហោះហើរអន្តរជាតិជាច្រើន ខណៈអត្រាភ្ញៀវស្នាក់នៅតាមសណ្ឋាគារក្នុងក្រុងទេសចរណ៍ធំៗដូចជា ប៉ាតាយ៉ា បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹម ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ។
ប្រឈមបញ្ហានេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រេចទម្លាក់ការព្យាករណ៍ចំនួនភ្ញៀវទេសចរបរទេស សម្រាប់ឆ្នាំ២០២៦ ចំនួន ៥ ទៅ ១០ ភាគរយ បន្ទាប់ពីទិន្នន័យផ្លូវការគិតត្រឹមពាក់កណ្តាលខែឧសភា បានបង្ហាញពីការធ្លាក់ចុះ ៣.៣១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល រួមផ្សំនឹងការប្រែប្រួលនៃអត្រាប្តូរប្រាក់បាត ធ្វើឱ្យថ្លៃដើមប្រតិបត្តិការ រាប់ចាប់ពីតម្លៃសំបុត្ររថយន្តក្រុង កាណូតដឹកអ្នកដំណើរ រហូតដល់សេវាកម្មភោជនីយដ្ឋាន កើនឡើងរហូតដល់ ៤០ ភាគរយ ឬលើសពីនេះ។
សម្ពាធទ្វេដងនៃការកើនឡើងថ្លៃដើមធ្វើដំណើរ និង ការធ្លាក់ចុះនៃការចំណាយរបស់អតិថិជន កំពុងបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកខ្លាំងលើ វិស័យទេសចរណ៍៕