681 ezgif.com resize
Swift cc time

ហ្វីលីពីនត្រៀមស្បៀងជាង ១លានកញ្ចប់ ជួយជនរងគ្រោះរញ្ជួយដី ៧,៨ រីចទ័រ នៅកោះមីនដាណាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន ៖ លោក រ៉ិច ហ្គាតឆាលៀន (Rex Gatchalian) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងសុខុមាលភាពសង្គមហ្វីលីពីន (DSWD) បានចេញបញ្ជាភ្លាមៗទៅកាន់ប្រធានការិយាល័យក្នុងតំបន់ទាំងអស់នៅកោះមីនដាណាវ (Mindanao) ឱ្យធ្វើការសម្របសម្រួលជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៨ រីចទ័រ កាលពីព្រឹកថ្ងៃចន្ទនេះ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន។

លោក ហ្គាតឆាលៀន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងសង្គមកិច្ចហ្វីលីពីន មានកញ្ចប់ស្បៀងអាហារគ្រួសារ (FFPs) ជាង ១,១ លានប្រអប់ ដែលបានបម្រុងទុកជាស្រេចនៅក្នុងកោះមីនដាណាវ ដើម្បីត្រៀមបែងចែកជូនក្រុមគ្រួសារ និងបុគ្គលដែលរងគ្រោះ។

ជាការឆ្លើយតបនឹងបទបញ្ជាបន្ទាន់របស់ប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីណាន់ ម៉ាកូស ជូនីយ័រ (Ferdinand R. Marcos Jr.) កាលពីព្រឹកថ្ងៃ៨មិថុនា លោកគាតឆាលៀន ក៏បានណែនាំឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ រៀបចំទាំងកម្លាំងមនុស្ស និងមធ្យោបាយដឹកជញ្ជូនឱ្យបានរួចរាល់ដើម្បីចុះជួយសង្រ្គោះ។

មកទល់ពេលនេះ ក្រុមការងារឆ្លើយតបបន្ទាន់ (QRTs) ត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងបានដាក់ពង្រាយបុគ្គលិកសង្គមកិច្ចទៅកាន់មជ្ឈមណ្ឌលជម្លៀសខ្លួននានា រួមទាំងរៀបចំផ្ទះបាយចល័ត និងមជ្ឈមណ្ឌលបញ្ជាការចល័ត ដើម្បីជួយជ្រោមជ្រែងដល់ជនរងគ្រោះ។

លោក រ៉ិច ហ្គាតឆាលៀន (Rex Gatchalian) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងសុខុមាលភាពសង្គមហ្វីលីពីន (DSWD)

ក្រសួងក៏បានព្រមានដល់សាធារណជនឱ្យតាមដានការវិវត្តនៃស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស្វែងរកទីទួលសុវត្ថិភាព ដោយសារតែការរញ្ជួយដីបន្ទាប់បន្សំ (Aftershocks) អាចនឹងបន្តកើតមាន ហើយសេចក្តីព្រមានអំពីហានិភ័យរលកយក្សស៊ូណាមិក៏កំពុងមានប្រសិទ្ធភាពនៅឡើយ។

គួររំលឹកផងដែរថា បើតាមក្រុមគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយរបស់ក្រសួង បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ២ ខែមិថុនា ហ្វីលីពីនមានកញ្ចប់ស្បៀងបម្រុងសរុបរហូតដល់ ៤,៧ លានកញ្ចប់នៅទូទាំងប្រទេស ដែលអាចបញ្ចេញបានភ្លាមៗក្នុងករណីមានអាសន្ន និងគ្រោះមហន្តរាយណាមួយកើតឡើងជាយថាហេតុ៕

Khcct banner

អត្ថបទទាក់ទង