681 ezgif.com resize
Swift cc time

លោកស្រី ហាន់ ស៊ុងស៊ុក ត្រៀមខ្លួនដឹកនាំកូរ៉េខាងត្បូង ក្នុងនាមនាយករដ្ឋមន្ត្រីស្ត្រីដ៏មានឥទ្ធិពល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់នៃភ្នាក់ងារប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) បានសម្រេចជ្រើសតាំងលោកស្រី ហាន់ ស៊ុងស៊ុក (Han Seong-sook) ដែលជារដ្ឋមន្ត្រីក្រសួងសហគ្រាសធុនតូច និងមធ្យម (SMEs) បច្ចុប្បន្ន ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។ ប្រសិនបើត្រូវបានអនុម័តដោយរដ្ឋសភា លោកស្រី ហាន់ នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់នៅក្នុងរដ្ឋាភិបាលរបស់លោក លី ហើយក៏ជានាយករដ្ឋមន្ត្រីស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ហាន់ ម្យុងស៊ុក (Han Myeong-sook) ដែលបានកាន់តំណែងនេះចន្លោះឆ្នាំ ២០០៦ ដល់ ២០០៧។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានYonhap News របស់កូរ៉េ លោកស្រី ហាន់ គឺជាអតីតនាយិកាប្រតិបត្តិ (CEO) នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Naver ដែលត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងដឹកនាំប្រទេសឱ្យសម្រេចបាននូវការផ្លាស់ប្តូរឌីជីថល តាមរយៈបញ្ញាសិប្បនិម្មិត (AI)។

លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) (ឆ្វេង) និង លោកស្រី ហាន់ ស៊ុងស៊ុក (Han Seong-sook)

ជុំវិញការតែងតាំងនេះ លោក កាង ហ៊ូនស៊ីក (Kang Hoon-sik) ប្រធានខុទ្ទកាល័យប្រធានាធិបតី បានគូសបញ្ជាក់ថា លោកស្រី ហាន់ គឺជាបុគ្គលដែលមានសមត្ថភាពខ្ពស់ក្នុងការបំប្លែងកំណើនសេដ្ឋកិច្ច ឱ្យទៅជា «កំណើនបរិយាបន្ន» ដែលផ្តល់ផលប្រយោជន៍ដល់គ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងខណៈដែលពិភពលោកកំពុងជួបវិបត្តិស្មុគស្មាញ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។

ការសម្រេចជ្រើសតាំងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី លី ជេម្យុង ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតក្នុងស្រុកកាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅ។ ប្រសិនបើទទួលបានការផ្តល់សេចក្តីទុកចិត្តពីសភាជាតិ លោកស្រី ហាន់ ស៊ុងស៊ុក នឹងបង្កើតប្រវត្តិសាស្ត្រក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រនយោបាយកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ហាន់ ម្យុងស៊ុក (Han Myeong-sook) ដែលធ្លាប់បានដឹកនាំរដ្ឋាភិបាលចន្លោះឆ្នាំ ២០០៦ ដល់ ២០០៧។

បច្ចុប្បន្ន ការិយាល័យនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបង្កើតក្រុមការងារពិសេសមួយរួចជាស្រេច ដើម្បីជួយជ្រោមជ្រែងដល់បេក្ខភាពនាយករដ្ឋមន្ត្រីស្ត្រីរូបនេះ ក្នុងការត្រៀមខ្លួនឡើងបកស្រាយ និងឆ្លងកាត់សវនាការដេញដោលសួរដេញដោល ដើម្បីអនុម័តសេចក្តីទុកចិត្តពីរដ្ឋសភាជាតិ។

នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក គីម មីនសុក (Kim Min-seok)

ដោយឡែក លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គីម មីនសុក (Kim Min-seok) ដែលជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់ក្នុងអាណត្តិរបស់លោក លី នឹងត្រូវចុះចេញពីតំណែង។ យោងតាមសេចក្តីរាយការណ៍ លោក គីម គ្រោងនឹងឈរឈ្មោះបោះឆ្នោតប្រកួតប្រជែងយកតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សកាន់អំណាច នៅក្នុងមហាសន្និបាតបក្សនាខែសីហា ឬខែកញ្ញាខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង