ភ្នំពេញ៖ យុទ្ធនាការបរិច្ចាគឈាមរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” បានប្រារព្ធឡើងចាប់ពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារ ជីអាយអេ GIA ក្នុងរាជធានីភ្នំពេញ ប្រមូលឈាមបានចំនួន ៤១៤ ប្លោក។យុទ្ធនាការនេះបានប្រមូលផ្តុំដៃគូជាច្រើន ក្នុងការខិតខំរួមគ្នាដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព និងរួមចំណែកដោះស្រាយតម្រូវការបន្តរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងគ្រប់គ្រាន់ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិក។
ក្នុងយុទ្ធនាការរយៈពេលពីរថ្ងៃនេះ ប្រមូលឈាមបានចំនួន ៤១៤ ប្លោក ដែលបានរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីធានាការផ្គត់ផ្គង់ឈាមប្រកបដោយស្ថិរភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺដែលត្រូវការ។ វាក៏បានផ្តល់ជាវេទិកាប្រកបដោយអត្ថន័យសម្រាប់បុគ្គលិក និងអង្គការដៃគូ ដើម្បីចូលរួមក្នុងសកម្មភាពសង្គ្រោះជីវិត តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
យុទ្ធនាការនេះត្រូវបានសហការរៀបចំដោយ SP Building Management (SPBM) ដែលជាក្រុមហ៊ុនគ្រប់គ្រងអគារ ជីអាយអេ និងមានការសហការជាមួយស្ថាប័នផ្សេងៗទៀតដែលមានការិយាល័យនៅក្នុងអគារ ជីអាយអេ ដូចជា ក្រុមហ៊ុនDKSH Cambodia, KPMG Cambodia, Delivery Hero (Cambodia) Co., Ltd. (foodpanda Cambodia), Moore Cambodia, និង AEON Specialized Bank (Cambodia) Plc និងអង្គការទស្សនៈពិភពលោក។ ឆ្នាំនេះក៏ជាឆ្នាំទីបួនហើយ ដែលកិច្ចផ្តួចផ្តើមសហការនេះបានបង្កើតឡើងដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ដៃគូ ក្នុងការគាំទ្រអ្នកជំងឺដែលត្រូវការទូទាំងប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុន SPBM បានគូសបញ្ជាក់ថា « ក្នុងរយៈពេលបីឆ្នាំកន្លងមក អគារ ជីអាយអេ GIA មានមោទកភាពក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំនេះ ដោយសហការជាមួយស្ថាប័នផ្សេងៗទៀតដែលមានការិយាល័យនៅក្នុងអគារ ជីអាយអេ និងសហគមន៍របស់យើង។ យើងជឿថាការបរិច្ចាគឈាមគឺជាទង្វើដ៏សាមញ្ញតែមានឥទ្ធិពលដែលអាចសង្គ្រោះជីវិតបាន។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព សេចក្តីសប្បុរស និងទំនួលខុសត្រូវសង្គមនៅក្នុងកន្លែងធ្វើការរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអ្នករាល់គ្នាដែលបន្តគាំទ្រ និងចូលរួមជារៀងរាល់ឆ្នាំ ហើយយើងសង្ឃឹមថាយុទ្ធនាការនេះនឹងជំរុញទឹកចិត្តមនុស្សកាន់តែច្រើនឱ្យចូលរួមចំណែកក្នុងបុព្វហេតុសង្គ្រោះជីវិតនេះ”។»
លោកស្រី ឡាយ រតនា តំណាងអង្គការទស្សនៈពិភពលោក បានរៀបរាប់ថា “ការទទួលបានឈាមប្រកបដោយសុវត្ថិភាព និងគ្រប់គ្រាន់គឺសំខាន់ណាស់សម្រាប់ការសង្គ្រោះជីវិត ជាពិសេសសម្រាប់កុមារដែលត្រូវការការថែទាំវេជ្ជសាស្ត្របន្ទាន់ ដោយសារជំងឺ របួស ឬផលវិបាកពេលសម្រាលកូន។ តាមរយៈគំនិតផ្តួចផ្តើមដូចនេះ យើងកំពុងជួយធានាថាកុមារកាន់តែច្រើនមានឱកាសរស់រានមានជីវិត និងរីកចម្រើន។ អង្គការទស្សនៈពិភពលោក មានមោទកភាពក្នុងការឈរជាមួយដៃគូក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ និងក្នុងការលើកកម្ពស់វប្បធម៌នៃក្តីមេត្តាករុណា ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់នៅក្នុងសហគមន៍របស់យើង”។
ទោះបីជាមានការយល់ដឹងកាន់តែច្រើនអំពីការបរិច្ចាគឈាមក៏ដោយ ក៏កម្ពុជានៅតែបន្តប្រឈមមុខនឹងតម្រូវការឈាមជាបន្តបន្ទាប់ ដើម្បីគាំទ្រការព្យាបាលអ្នកជំងឺ ការវះកាត់ ការថែទាំទាក់ទងនឹងការសម្រាលកូន និងករណីវេជ្ជសាស្ត្របន្ទាន់។ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃនៅតែចាំបាច់ ដើម្បីធានាការផ្គត់ផ្គង់ឈាមថ្នាក់ជាតិប្រកបដោយសុវត្ថិភាព និងគ្រប់គ្រាន់៕