ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ បានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យ ONLINE SCAMS សរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជនបរទេគ្មានលិខិតឆ្លងដែនចំនួន៦នាក់។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់របាយការណ៍ដល់ ស៊ីស៊ីថាមស៍ថា ក្នុងប្រតិបត្តិការ កាលពីថ្ងៃម្សិលមិញនេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះទៅពិនិត្យខណ្ឌសែនសុខ៖ នៅបុរី ពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ ដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រ (LAPTOP) ១គ្រឿង កុំព្យូទ័រ (ALL IN ONE) ៤គ្រឿង ទូរស័ព្ទ ១៩គ្រឿង ម៉ូនីទ័រ ៣គ្រឿង ធុង CPU ១ គ្រឿង និង ស៊ីមកាតមួយចំនួន។ តាមការធ្វើ កោសល្យវិច័យ លើសម្ភារៈ វត្ថុតាង ឧបករ ណ៍ អេឡិច ត្រូ និ ច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋាន បានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
ចំណែកខណ្ឌមានជ័យ នៅខុនដូ អឺប៊ែន Urban Village ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ក្រុមការងារដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្រុមការងាររកឃើញមានជនបរទេសចំនួន ០៦នាក់ សង្ស័យពាក់ព័ន្ធ Online Scams និងបានធ្វើការដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ ០៧គ្រឿង IPad ០១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ០៣ក្បាល និងដាវ ០១។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទឃ្លុំចំនួន ០២បន្ទប់ សង្ស័យជាប់ពាក់ព័ន្ធនឹង អនឡាញស្គេម (Online Scams) និងប្រើប្រាស់គ្រឿងញៀន។
រីឯ ខណ្ឌទួលគោក៖ នៅបន្ទប់លេខ៨១០ ជាន់ទី៨ និង នៅបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃអគារខុនដូរ SKY31 អគារលេខ១៥៥ ស្ថិតនៅ លើ ផ្លូ វ លេខ២៨៧ កែង ផ្លូវលេខ៥២៨ ក្រុម៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៨នាក់ ដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ (All In One) ២គ្រឿង កុំព្យូទ័រ (Laptop) ៦គ្រឿង ទូរស័ព្ទ ៨គ្រឿង និងលិខិតឆ្លងដែន ៤ក្បាល (ចិន ៣ក្បាល និងវៀតណាម ១ក្បាល) ជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់ ។
នៅបន្ទប់លេខ ២០០៨ ជាន់ទី២០ និង បន្ទប់លេខ២១១១ ជាន់ទី២១ នៃខុនដូរដដែលនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។
នៅខណ្ឌចំការមន ក្រុមការងារដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីសហការជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និង បង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅចំណុចផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ដែលក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់ខ្លួនជនជាតិចិន ២នាក់ គ្មាន លិខិតឆ្លងដែនផងដែរ។
លោកស្រី អ្នកនាំពាក្យ ក៏បានបន្ថែមថា៖ ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ បានសរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល។ រីឯជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីបន្តនីតិវិធី៕