681 ezgif.com resize
Swift cc time

អនុទីនថាថៃមិនខ្លាចនឹងដោះស្រាយជម្លោះជាមួយកម្ពុជាតាមយន្តការ UNCLOS ឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល នៅថ្ងៃទី០៥មិថុនានេះ បានប្រកាសយ៉ាងដាច់អហង្ការថា ប្រទេសថៃគ្មានអ្វីត្រូវភ័យខ្លាចចំពោះចំណាត់ការណាមួយរបស់កម្ពុជានោះឡើយ ព្រោះភាគីថៃមិនបានធ្វើអ្វីខុស ហើយខ្លួនកំពុងរៀបចំខ្លួនរួចជាស្រេច ដើម្បីដោះស្រាយជម្លោះនេះតាមយន្តការដោះស្រាយវិវាទនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយត្រៀមតែងតាំងលោក ស៊ីហាសាក់ ភួងកេតកែវ ជាប្រមុខដឹកនាំក្រុមការងារសម្រុះសម្រួល។

ថ្លែងប្រាប់កាសែតខាវស៊ត លោក អនុទីន បានសង្កត់ធ្ងន់ថា ជំហរចម្បងរបស់ថៃ គឺការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន ជាជាងការចូលរួមប្រកួតប្រជែងវាយលុកលើឆាកការទូត។ លោកបន្ថែមថា ថៃមានទំនុកចិត្តពេញលេញលើកិច្ចដំណើរការផ្លូវច្បាប់នេះ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបកស្រាយពីជំហរផ្លូវការរបស់ខ្លួនទៅកាន់គ្រប់ភាគីអន្តរជាតិ។

ពាក់ព័ន្ធនឹងការរិះគន់ជុំវិញការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) តែឯកតោភាគី លោកអនុទីនបានតបតវិញថា យន្តការចាស់នោះមិនអាចបង្កើតវឌ្ឍនភាពអ្វីទាល់តែសោះអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ទើបថៃចាំបាច់ត្រូវតែស្វែងរកក្របខ័ណ្ឌថ្មីមួយជំនួសវិញ។ លោកបញ្ជាក់ថា ដោយសារតែភាគីកម្ពុជាបានជ្រើសរើសយកការអនុវត្តតាមយន្តការ UNCLOS ដើម្បីដោះស្រាយ ដូច្នេះរាល់ការពិភាក្សានៅថ្ងៃអនាគតនឹងត្រូវផ្ដោតសំខាន់ទៅលើតែដំណើរការផ្លូវច្បាប់មួយនេះប៉ុណ្ណោះ។

ជាចុងក្រោយ លោក អនុទីន បានបង្ហាញជំហររឹងត្អឹងដោយប្រកាសយ៉ាងម៉ឺងម៉ាត់ថា ថៃនឹងមិនពិភាក្សាអំពីការស្តារទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាឡើងវិញឡើយនៅក្នុងដំណាក់កាលនេះ ហើយរាល់ច្រកទ្វារព្រំដែនទាំងអស់ដែលបានបិទ ក៏នឹងមិនមានការបើកជូនឡើងវិញដែរ ក្នុងពេលដែលដំណើរការដោះស្រាយតាមយន្តការច្បាប់សមុទ្រអន្តរជាតិកំពុងតែចាប់ផ្តើមបោះជំហានទៅមុខ៕

Khcct banner

អត្ថបទទាក់ទង