681 ezgif.com resize
Swift cc time

រដ្ឋបាលក្រុងហូជីមិញ ចាត់វិធានការលុបបំបាត់អ្នកសុំទានតាមដងផ្លូវ ដើម្បីសោភ័ណភាព និងសណ្តាប់ធ្នាប់ទីក្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហូជីមិញ៖ រដ្ឋបាលក្រុងហូជីមិញ កាលពីថ្ងៃ០៤មិថុនា បានដាក់ចេញសេចក្តីណែនាំថ្មីមួយ ដើម្បីពង្រឹងការគ្រប់គ្រងក្រុមជនអនាថា អ្នកសុំទាន និងក្រុមជនងាយរងគ្រោះដែលត្រូវការការការពារបន្ទាន់ បន្ទាប់ពីមន្ត្រីជំនាញរកឃើញថា សកម្មភាពសុំទាននៅតែបន្តជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់សោភ័ណភាពទីក្រុង សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ ទោះមានការខិតខំទប់ស្កាត់នាពេលកន្លងមកក៏ដោយ។នេះបើតាមការចេញផ្សាយរបស់កាសែត Tuoi Tre News។

តាមសេចក្តីណែនាំនេះ ប្រធានរដ្ឋបាលក្រុងបានបង្គាប់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការបន្ទាន់ ដោយក្នុងនោះ កងកម្លាំងនគរបាលត្រូវបង្កើនការល្បាត ផ្តន្ទាទោសធ្ងន់ធ្ងរលើការបង្ខំកុមារ មនុស្សចាស់ និងជនមានពិការភាពឱ្យសុំទានកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ ព្រមទាំងរឹតបន្តឹងការស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគេដើម្បីងាយស្រួលគ្រប់គ្រង។

ប្រធានរដ្ឋបាលក្រុងបានគូសបញ្ជាក់ថា មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ និងកម្លាំងយុវជនស្ម័គ្រចិត្ត ត្រូវរួមគ្នាធានាការថែទាំព្យាបាលនៅតាមមជ្ឈមណ្ឌលគាំពារ និងការពារមិនឱ្យមានការដើររំខានភ្ញៀវទេសចរនៅតាមតំបន់កម្សាន្តឡើយ ហើយមន្ទីរអប់រំ និងមន្ទីរមុខងារសាធារណៈ នឹងទទួលបន្ទុកបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្វែងរកឱកាសការងារជូនពួកគេ។ សម្រាប់អាជ្ញាធរថ្នាក់ឃុំ-សង្កាត់ ត្រូវចុះបញ្ជីស្ថិតិអ្នកសុំទានដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលគាំពារ ជម្រុញគ្រប់វិស័យរួមទាំងគ្រឹះស្ថានសាសនាឱ្យចូលរួមទប់ស្កាត់ និងបង្កើតយុទ្ធនាការផ្សព្វផ្សាយជម្រុញឱ្យសាធារណជនឈប់ផ្តល់ប្រាក់ផ្ទាល់ដៃ ប៉ុន្តែត្រូវបង្វែរទៅបរិច្ចាគតាមរយៈអង្គការសប្បុរសធម៌ ឬមូលនិធិស្របច្បាប់វិញ៕

Khcct banner

អត្ថបទទាក់ទង