បាងកក៖ ស្ថាប័នឃ្លាំមើល និងការពារសិទ្ធិអ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែមិថុនា បានប្រកាសថា ខ្លួននឹងដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook តាមផ្លូវច្បាប់ ដោយចោទប្រកាន់ថា បណ្ដាញសង្គមមួយនេះបានបណ្តោយឱ្យក្រុមជនឆបោកប្រើប្រាស់ផ្ទាំងពាណិជ្ជកម្ម (Adverts) ភូតភរអ្នកប្រើប្រាស់ និងបរាជ័យក្នុងការការពារសិទ្ធិអ្នកប្រើប្រាស់។
យោងតាមការចេញផ្សាយរបស់កាសែត CNA ការសម្រេចចិត្តដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នខាងលើបានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Meta ទាំងការិយាល័យកណ្តាល និងការិយាល័យប្រចាំប្រទេសថៃ អស់រយៈពេលជាងមួយឆ្នាំ ដើម្បីស្នើសុំឱ្យ Facebook បិទ (Block) ផ្ទាំងពាណិជ្ជកម្មបោកប្រាស់ទាំងនោះ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។
ក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃគ្រោងនឹងដាក់ពាក្យប្តឹងរដ្ឋប្បវេណីជាផ្លូវការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នៅថ្ងៃទី ៨ ខែមិថុនា ខាងមុខ ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារការពារអ្នកប្រើប្រាស់លើវេទិកាឌីជីថលឱ្យស្របតាមកម្រិតស្តង់ដារអន្តរជាតិ។
រហូតមកទល់ពេលនេះ ក្រុមហ៊ុន Meta មិនទាន់មានការឆ្លើយតបភ្លាមៗជុំវិញសំណើសុំការអត្ថាធិប្បាយចុងក្រោយនៅឡើយ។
ជាការឆ្លើយតបនាពេលកន្លងមក ក្រុមហ៊ុនMeta ធ្លាប់បានលើកឡើងថា ខ្លួនបានវិនិយោគយ៉ាងច្រើនលើវិធានការស្វែងរក និងលុបបំបាត់មាតិកាឆបោក ព្រមទាំងបានសហការជាមួយស្ថាប័នគ្រប់គ្រង និងសមត្ថកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់វេទិការបស់ខ្លួនក្នុងផ្លូវខុស។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ បច្ចុប្បន្ន ប្រទេសថៃមានអ្នកប្រើប្រាស់ Facebook ប្រមាណ ៥១ លាននាក់។ ចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ស្ថាប័ននេះទទួលបានពាក្យបណ្តឹងទាក់ទងនឹងការឆបោកលើ Facebook ចំនួន ៣,៧៩៣ ករណី រួមមាន៖ ការបញ្ជាទិញទំនិញហើយមិនទទួលបានទំនិញ, គម្រោងវិនិយោគបោកប្រាស់, ការកាត់តរូបភាពនិងក្លែងបន្លំអត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការបង្កើតទំព័រ (Pages) ក្លែងក្លាយដើម្បីបោកប្រាស់អ្នកទិញជាដើម៕