បាងកក៖ ថ្នាក់ដឹកនាំពីររូបសំខាន់ៗនៃគណបក្សភឿថៃ (Pheu Thai) លោក ជុលឡាផាន់ អាម៉ុនវីវ៉ាត់ និងលោកយូតឆាណាន់ វង្សសាវ៉ាត់ កាលពីថ្ងៃព្រហស្បតិ៍បានចេញមុខច្រានចោលការសន្និដ្ឋានផ្សេងៗ ដោយអះអាងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលាងដៃពីឆាកនយោបាយហើយ និងមិនត្រឡប់មកជ្រៀតជ្រែក ឬគ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់បក្សវិញឡើយ ក្រោយទទួលបានព្រះរាជទានលើកលែងទោសពីស្ដេចថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ថ្លែងនៅវិមានរដ្ឋាភិបាល លោក យូតឆាណាន់ វង្សសាវ៉ាត់ (Yodchanan Wongsawat) ឧបនាយករដ្ឋមន្ត្រីថៃ បានគូសបញ្ជាក់ថា សំណួរទាំងឡាយជុំវិញតួនាទីរបស់លោក ថាក់ស៊ីន ត្រូវតែបែងចែកឱ្យដាច់ស្រឡះពីការងារដឹកនាំរាជរដ្ឋាភិបាល។
លោក យូតឆាណាន់ បានបន្ថែមថា គណៈរដ្ឋមន្ត្រីបច្ចុប្បន្នមានអំណាចពេញលេញក្នុងការគ្រប់គ្រងប្រទេស ហើយរដ្ឋមន្ត្រីម្នាក់ៗកំពុងបំពេញភារកិច្ចយ៉ាងសកម្មបំផុត។ លោកថា ការគ្រប់គ្រងបក្សភឿថៃ ត្រូវតែប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធផ្លូវការ ហើយបក្សមានយន្តការក្រុមប្រឹក្សាពិគ្រោះយោបល់រួចជាស្រេច ដើម្បីគាំទ្រកិច្ចការងារ និងបានកែសម្រួលការគ្រប់គ្រងផ្ទៃក្នុងឱ្យស្របទៅនឹងទិសដៅនយោបាយទៅថ្ងៃអនាគត។
លោកយូតឆាណាន់ បានសង្កត់ធ្ងន់ថា កិច្ចការដឹកនាំរដ្ឋាភិបាល និងកិច្ចការផ្ទៃក្នុងរបស់គណបក្ស ដាច់ខាតត្រូវតែចាត់ទុកជាកិច្ចការដាច់ដោយឡែកពីគ្នា ដោយមិនអាចច្របូកច្របល់គ្នាបានឡើយ។
គួរបញ្ជាក់ថា ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីលោក ថាក់ស៊ីន បានបំពេញកាតព្វកិច្ចផ្លូវច្បាប់ពាក់ព័ន្ធនឹងទោសពន្ធនាគាររបស់លោកជាស្ថាពរ ខណៈការអនុវត្តទោសព្យួរ (Probation) ត្រូវបានបញ្ចប់មុនកាលកំណត់ កាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅ ក្រោមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រថៃ៕