វែលលីងតុន៖ ទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានហាមឃាត់ក្រុមសមាជិកសភានូវែលសេឡង់ចំនួន ៤ រូប មិនឱ្យចូលទៅក្នុងប្រទេសចិនឡើយ ចំណាត់ការរបស់ចិននេះធ្វើឡើងបន្ទាប់ពីសមាជិកក្រុមសភានៃប្រទេសនូវែលសេឡង់បានទៅជួបមន្ត្រីនៅកោះតៃវ៉ាន់កាលពីខែឧសភាកន្លងទៅ ចិនបានចោទប្រកាន់សមាជិកទាំង ៤ រូបនោះថាបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
អ្នកនាំពាក្យស្ថានទូតចិនម្នាក់បានបញ្ជាក់ថាសកម្មភាពរបស់សមាជិកសភាទាំងនេះរំលោភលើគោលការណ៍ចិនតែមួយ និងបង្កើតជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ អ្នកនាំពាក្យដដែលអះអាងទៀតថាអ្នកណាដែលឆ្លងកាត់ខ្សែក្រហមលើបញ្ហាកោះតៃវ៉ាន់នឹងប្រឈមមុខនឹងផលវិបាក។
ការិយាល័យរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានបដិសេធថា ដំណើរទស្សនកិច្ចនេះមិនបានរំលោភលើជំហររបស់រដ្ឋាភិបាលរបស់លោកលើឋានៈនៃលទ្ធិប្រជាធិបតេយ្យនៅលើកោះតៃវ៉ាន់នោះទេ។ លោកថា សមាជិកសភានូវែលសេឡង់មានសេរីភាពក្នុងការធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ឆ្លើយតបទៅនឹងការអញ្ជើញឱ្យធ្វើដំណើរទៅក្រៅប្រទេស។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការហាមឃាត់សមាជិកសភាទាំងបួនរូប ដែលបានទៅទស្សនាជាផ្នែកមួយនៃគណៈប្រតិភូឆ្លងគណបក្ស លោកបញ្ជាក់ទៀតថាសមាជិកសភារបស់ខ្លួនបានទៅទស្សនាតៃវ៉ាន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ជាមួយគ្នានេះដែរក្រសួងការបរទេសតៃវ៉ាន់បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការហាមឃាត់នេះ ដោយទទូចថាប្រទេសចិនគ្មានសិទ្ធិជ្រៀតជ្រែកនៅក្នុងអន្តរកម្មអន្តរជាតិរបស់ខ្លួនឡើយ៕