ហ្សាការតា៖ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍របស់ប្រទេសឥណ្ឌូនេស៊ីម្នាក់គឺលោក Silmy Karim ពីបទពុករលួយ ដែលធ្វើឱ្យលោកក្លាយជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទីពីរក្នុងរយៈពេលពីរថ្ងៃដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ។ ការចាប់ខ្លួននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាឥណ្ឌូនេស៊ី (AGO) បានឃុំខ្លួនលោក Dadan Hindayana អតីតប្រធានទីភ្នាក់ងារមួយដែលត្រួតពិនិត្យកម្មវិធីអាហារឥតគិតថ្លៃ របស់ប្រធានាធិបតី Prabowo Subianto ពីបទពុករលួយដូចគ្នា៕ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅរសៀលថ្ងៃទី ៤ មិថុនានេះ។
បើតាមលោក Budi Prasetyo អ្នកនាំពាក្យរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ KPK បានប្រាប់ Reuters នៅក្នុងសារជាអក្សរថា លោក Silmy Karim អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ និងកែតម្រូវ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយក្នុងការគ្រប់គ្រងឯកសារអន្តោប្រវេសន៍។
លោកបញ្ជាក់ទៀតជនជាប់ចោទលោក Silmy អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ ត្រូវបានសួរចម្លើយនៅការិយាល័យ KPK ចាប់តាំងពីយប់ថ្ងៃពុធ ហើយបានចេញមកវិញប្រហែល ១០ ម៉ោងក្រោយមក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយពាក់ខ្នោះដៃ និងពាក់អាវពណ៌ទឹកក្រូច ដែលបង្ហាញថាលោកត្រូវបានដាក់ឈ្មោះថាជាជនសង្ស័យ បន្ទាប់មកលោកត្រូវបានបញ្ជូនទៅឃុំខ្លួន។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បញ្ជាក់ទៀតថាអំពើពុករលួយដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងរវាងឆ្នាំ ២០២៣ និង ២០២៤។ លោក Silmy បានបម្រើការជាអគ្គនាយកទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ក្រោមការដឹកនាំរបស់លោក Prabowo Joko Widodo ក្នុងអំឡុងពេលនោះ។មន្ត្រីរូបនេះបានបន្ថែមថា ទីភ្នាក់ងារនេះក៏បានកំណត់អត្តសញ្ញាណជនសង្ស័យចំនួនប្រាំពីរនាក់ផ្សេងទៀតដែលទាក់ទងនឹងករណីនេះដែរ៕