681 ezgif.com resize
Swift cc time

និស្សិតស្រីជនជាតិចិនម្នាក់ រង «ការចាប់ជំរិតតាមអនឡាញ» នៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ប៉ូលិសថៃបានវាយឆ្មក់ជួយសង្គ្រោះនិស្សិតស្រីជនជាតិចិនអាយុ ២១ ឆ្នាំម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីនាងត្រូវបានក្រុមឆបោកឆ្លងដែន ប្រើប្រាស់ល្បិចកល «ចាប់ជំរិតតាមអនឡាញ» (Virtual Kidnapping) ដោយបោកបញ្ឆោត និងប្រើល្បិចចិត្តសាស្រ្តល្បួងបង្គាប់បញ្ជាឱ្យនាងធ្វើពុតជាត្រូវបានគេចាប់ជំរិត ដើម្បីទារប្រាក់លោះពីក្រុមគ្រួសារ។

អគ្គស្នងការដ្ឋាននគរបាលជាតិថៃបញ្ជាក់ថា ជនរងគ្រោះជានិស្សិតស្រីជនជាតិចិនត្រកូល Wang ត្រូវបានក្រុមឆបោកបន្លំខ្លួនជាមន្ត្រីរដ្ឋាភិបាលទូរសព្ទមកគំរាមថាជាប់ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរ រួចបង្គាប់ឱ្យនាងផ្តាច់ទំនាក់ទំនងពីគ្រួសារ និងបញ្ជាឱ្យធ្វើដំណើរពីហុងកុងមកសម្ងំស្នាក់នៅតាមសណ្ឋាគារនានាក្នុងប្រទេសថៃ។

បន្ទាប់មក ក្រុមជនល្មើសបានលាងខួរក្បាល និងបង្ខំឱ្យនាងទិញខ្សែពួរ កាំបិត និងថ្នាំលាប ដើម្បីរៀបចំស្នាមរបួសក្លែងក្លាយ រួចថតរូបភាពនិងវីដេអូធ្វើពុតជាត្រូវបានគេធ្វើទារុណកម្មផ្ញើទៅកាន់ឪពុកម្តាយ ដើម្បីជំរិតទារប្រាក់លោះចំនួន ៣ លានដុល្លារហុងកុង (ប្រមាណ ១២,៥ លានបាតថៃ) ដែលក្នុងនោះក្រុមគ្រួសារបានចាញ់បោកផ្ទេរប្រាក់អស់ប្រមាណ ១,៤ លានដុល្លារហុងកុងរួចជាស្រេចទៅហើយ។

ក្រោយការតាមដានកាមេរ៉ាសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ ប៉ូលិសថៃបានរកឃើញថានិស្សិតស្រីរូបនេះមិនបានស្ថិតក្រោមការបង្ខាំងខ្លួនដោយផ្ទាល់ពីជនល្មើសឡើយ ហើយចុងក្រោយត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពចេញពីសណ្ឋាគារមួយក្នុងខេត្តសាមុតប្រាកាន។

អាជ្ញាធរថៃបានព្រមានថា ល្បិចកល «ការចាប់ជំរិតតាមអនឡាញ» (Virtual Kidnapping) នេះ កំពុងរីករាលដាលខ្លាំងដោយដាក់គោលដៅលើក្រុមនិស្សិតអាស៊ីដែលទៅសិក្សានៅក្រៅប្រទេស ដោយក្រុមឆបោកតែងប្រើប្រាស់វិធីសាស្ត្របំភិតបំភ័យ និងគ្រប់គ្រងចិត្តសាស្ត្រពីចម្ងាយ ដើម្បីបង្ខំឱ្យជនរងគ្រោះកាត់ដាច់ពីពិភពខាងក្រៅ និងជម្រិតទារប្រាក់ពីគ្រួសារទាំងស្រុងតែម្តង៕

Khcct banner

អត្ថបទទាក់ទង