វៀងចន្ទន៍៖ គណៈសង្ឃ និងអង្គការសម្ព័ន្ធពុទ្ធសាសនកជនឡាវ កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ បានដាក់ចេញនូវគោលការណ៍ណែនាំថ្មីមួយនៅទូទាំងប្រទេស ជុំវិញការប្រើប្រាស់បណ្តាញសង្គមរបស់ព្រះសង្ឃដោយក្រោមបទប្បញ្ញត្តិថ្មីនេះ ព្រះសង្ឃ និងអ្នកប្រតិបត្តិធម៌ទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យផ្សព្វផ្សាយរឿងមន្តអាគមជំនឿស៊ប់ រៀបរាប់ពីអភិនីហារ ឬឫទ្ធិបារមីដើម្បីស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន បង្ហោះរូបភាពឬវីដេអូមិនសមរម្យ ផ្សាយផ្ទាល់ (Livestream) ធ្វើសកម្មភាពពាណិជ្ជកម្ម ឬចូលរួមក្នុងការជជែកដេញដោលតាមអនឡាញណា ដែលអាចបង្កើតឱ្យមានការបែកបាក់ក្នុងសង្គម និងសាសនាឡើយ ច្បាប់ថ្មីនេះមានប្រសិទ្ធភាពអនុវត្តចំពោះអ្នកបួស និងអ្នកប្រតិបត្តិធម៌ដទៃទៀត រួមមាន សាមណេរ តាជី និងដូនជី នៅទូទាំងប្រទេស។
យោងតាមការចេញផ្សាយរបស់កាសែត The Laotian Times ទោះបីជាវិធានការនេះមិនបានហាមឃាត់ដាច់ខាតនូវការប្រើប្រាស់បណ្តាញសង្គមក៏ដោយ ប៉ុន្តែវាបានកំណត់នូវការរឹតបន្តឹងជាបន្តបន្ទាប់ ក្នុងគោលបំណងរក្សាវិន័យសាសនា និងការពារតម្លៃព្រះពុទ្ធសាសនានៅចំពោះមុខសាធារណជន។
សេចក្តីជូនដំណឹងដដែលក៏បានហាមឃាត់ការប្រើប្រាស់ពាក្យសម្តីអសុរោះ និងបានព្រមានថារាល់ការល្មើស នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មវិន័យទៅតាមវិធានរបស់សង្ឃយ៉ាងម៉ឺងម៉ាត់។ អាជ្ញាធរសាសនាឡាវបានបញ្ជាក់ថា គោលការណ៍ណែនាំនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ព្រមទាំងទប់ស្កាត់រាល់ឥរិយាបថទាំងឡាយណាដែលផ្ទុយពីវិន័យសង្ឃ។
គួរកត់សម្គាល់ថាអង្គការសម្ព័ន្ធពុទ្ធសាសនកជនឡាវ គឺជាស្ថាប័នសង្ឃតែមួយគត់ដែលក្តោបក្តាប់អំណាចដាច់មុខលើការគ្រប់គ្រងសាសនានៅទូទាំងប្រទេសឡាវ ចាប់តាំងពីឆ្នាំ១៩៧៥។ អំណាចរបស់ស្ថាប័ននេះមានភាពស្អិតរមួតខ្លាំងជាមួយរដ្ឋអំណាច និងបក្សកាន់អំណាច ដើម្បីរួមគ្នារក្សាស្ថិរភាពនយោបាយ ផ្សព្វផ្សាយគោលនយោបាយជាតិ និងពង្រឹងឥទ្ធិពលសីលធម៌-វប្បធម៌ក្នុងស្មារតីប្រជាពលរដ្ឋ។ ការដាក់ចេញបទបញ្ជាគ្រប់គ្រងបណ្តាញសង្គមនាពេលនេះ គឺស្តែងឱ្យឃើញពីការប្រើប្រាស់អំណាចស្ថាប័នដ៏តឹងរ៉ឹងរបស់អង្គការ ក្នុងការការពារសណ្តាប់ធ្នាប់សាសនា និងធានាថាឥរិយាបថរបស់ព្រះសង្ឃមិនបង្កឱ្យមានការបែកបាក់ ឬរង្គោះរង្គើដល់ស្ថិរភាពសង្គមជាតិឡាវឡើយ៕