អេមីរ៉ាតអារ៉ាប់រួម៖ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ធ្លាក់ចូលក្នុងស្ថានីយអ្នកដំណើររបស់គុយវ៉ែតនៅអាកាសយានដ្ឋានដ៏សំខាន់មួយកាលពីល្ងាចថ្ងៃពុធ ដោយបានសម្លាប់មនុស្សម្នាក់ របួសរាប់សិបនាក់ និងបង្ខឲ្យមានការបិទអាកាសយានដ្ឋានរយៈខ្លី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA របស់ប្រទេសគុយវ៉ែតបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិមួយរបស់ខ្លួនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលនៅព្រឹកថ្ងៃពុធ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សម្ភារៈអាកាសយានដ្ឋានមួយចំនួន និងបង្ខំឱ្យអាកាសយានដ្ឋានត្រូវបានផ្អាក។
បើតាមក្រសួងការបរទេសគុយវ៉ែត ការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនបានសម្លាប់មនុស្សម្នាក់ និងរបួសមនុស្សជាច្រើននាក់ផ្សេងទៀត ក៏ដូចជាបង្ខំឱ្យអាកាសយានដ្ឋានរបស់ខ្លួនបិទជាបណ្តោះអាសន្ន។
ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើអាកាសយានដ្ឋានគុយវ៉ែតនេះ ក្រសួងការបរទេសឥណ្ឌាក៏បានថ្កោលទោសការវាយប្រហារនេះ ដោយបញ្ជាក់ថា អ្នកស្លាប់គឺជាជនជាតិឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ឥណ្ឌាបានអះអាងថា ឥណ្ឌាថ្កោលទោសការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែតនៅថ្ងៃនេះ ដែលជនជាតិឥណ្ឌាម្នាក់បានស្លាប់ និងជនជាតិរបស់យើងជាច្រើននាក់បានរងរបួស។ ឥណ្ឌាអំពាវនាវម្តងទៀតដល់ភាគីនានាឱ្យបញ្ឈប់ការវាយប្រហារបែបនេះ៕