តូក្យូ៖ ព្យុះសង្ឃរាត្រូពិច «ហ្សង់មី» កាលពីថ្ងៃពុធ ទី៣ ខែមិថុនាម្សិលមិញនេះ បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក និងបានដំឡើងកម្រិតហានិភ័យនៃគ្រោះទឹកជំនន់យ៉ាងខ្លាំង នៅជុំវិញតំបន់ភាគខាងកើត និងភាគកណ្តាលនៃប្រទេសជប៉ុន មុនពេលបន្តផ្លាស់ទីចូលមកដល់តំបន់ដែលមានប្រជាជនរស់នៅកកកុញក្នុងរដ្ឋធានីតូក្យូ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP News បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះនេះបានធ្វើឱ្យចរាចរណ៍តាមដងផ្លូវក្នុងទីក្រុងតូក្យូត្រូវគាំងទាំងស្រុង ជើងហោះហើររាប់រយត្រូវបានលុបចោល សេវារថភ្លើងត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈផ្ទះប្រជាពលរដ្ឋជាង ៥,០០០ ខ្នង ត្រូវដាច់ចរន្តអគ្គិសនី។ នៅកណ្តាលក្រុងតូក្យូ អាជ្ញាធរជប៉ុនបានណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរដងទន្លេ ហ្សេនពូគូជី (Zenpukuji River) ប្រញាប់ស្វែងរកជម្រកសុវត្ថិភាពជាបន្ទាន់ ស្របពេលដែលទឹកទន្លេបានឡើងល្អក់កករ និងស្ថិតក្នុងស្ថានភាពហូរហៀរច្រាំង។
ភ្លាមៗនោះ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានសម្រេចចេញការព្រមានអំពីគ្រោះទឹកជំនន់កម្រិតខ្ពស់បំផុត នៅក្នុងតំបន់មួយចំនួននៅភាគកណ្តាល និងភាគខាងកើតនៃប្រទេស ដោយសារព្យុះនេះបានបង្ហូរទឹកភ្លៀងក្នុងកម្រិតរហូតដល់ ៥០ សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។
គួររំលឹកថា មុនពេលថយឥទ្ធិពលមកជាព្យុះសង្ឃរាត្រូពិចដែលមានល្បឿនខ្យល់ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ ព្យុះ «ហ្សង់មី» បានវាយប្រហារកោះអូគីណាវ៉ា និងបានបោកបក់លើដីគោកក្នុងខេត្ត វ៉ាកាយ៉ាម៉ា ក្នុងកម្រិតជាព្យុះទីហ្វុងដ៏មានឥទ្ធិពល ដោយបានបន្សល់ទុកមនុស្ស ១៥ នាក់ឱ្យរងរបួសស្រាល៕